(សៀមរាប)៖ ភាគីពាក់ព័ន្ធ រួមមានមន្រ្តីរាជរដ្ឋាភិបាល បណ្តុំអង្គការសង្គមស៊ីវិញ ដែលធ្វើការពាក់ព័ន្ធក្នុងវិស័យកសិកម្ម វិស័យឯកជន រួមទាំងកសិករ បានជុំជួបគ្នាក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី១៣ ដែលរៀបចំឡើងក្រោមប្រធានបទ «កសិកម្មនិរន្តិរភាពសម្រាប់ទាំងអស់គ្នា» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសហការដោះស្រាយបញ្ហាប្រឈម ដែលកសិកម្មរបស់កម្ពុជាជួបប្រទះ និងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តភាព។
លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការប្រតិបត្តិនៃសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាពកម្ពុជាបានថ្លែងថា ការរៀបចំវេទិកាកសិករ គឺជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ជាក់ស្តែង យុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងការកសាងប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់កសិករ និងពហុភាគីពាក់ព័ន្ធបានដាក់បង្ហាញនូវស្នាដៃកសិកម្ម ដែលបានអនុវត្តកន្លងមក និងជាគោលគំនិតលើការរៀបចំផែនការយុទ្ធសាស្ត្រ ឱ្យស្របទៅតាមបរិបទនៃការអភិវឌ្ឍ សេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យស្រប ទៅតាមគោលនយោបាយកសិកម្ម។
លោកបន្តថាកសិកម្មនៅតែជាវិស័យសំខាន់ សម្រាប់ប្រទេសកម្ពុជា ដោយបានរួមចំណែក២៣% នៃផលិតផល ក្នុងស្រុកសរុប និងផ្តល់ការងារផ្ទាល់៣៥%។ វិស័យនេះ គឺជាមូលដ្ឋានគ្រឹះមួយ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជានិងស្ថិរភាពនៃប្រទេសកម្ពុជា។ ទោះបីជាវិស័យកសិកម្មកម្ពុជា មានការវិវឌ្ឍន៍រីកចំរើនក៏ដោយ វិស័យនេះ នៅប្រឈមមុខនឹងបញ្ហាជា ច្រើន ដែលរួមមាន លំនាំអាកាសធាតុដែលខុសប្រក្រតីកាន់តែខ្លាំងឡើងគំរាមកំហែងដល់ផលិតភាពកសិកម្ម ការថយចុះគុណភាពដី និងជីវចម្រុះ ការបំពុលបរិស្ថាន និងលទ្ធភាពប្រើប្រាស់ទឹកមានកម្រិតប៉ះពាល់ដល់ទិន្នផលកសិកម្ម។ ជាការឆ្លើយតប កសិអេកូឡូស៊ីបានលេចចេញជាដំណោះស្រាយ ដ៏សមស្របមួយ តាមរយៈការដាំ ដំណាំគម្របដី ការដាំផ្ទាល់ដោយមិនមានការរំខានដីតាមរយៈការភ្ជួររាស់ ការដាំដំណាំឆ្លាស់ ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវភាពធន់ និងបង្កើននិរន្តរភាព។
លោកបន្តថា «វេទិកាកសិករថ្នាក់ជាតិនាពេលនេះ គឺជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការចូលរួមចំណែកកែប្រែអនាគតកសិកម្មកម្ពុជា ដើម្បីបណ្តុះនូវយុគសម័យថ្មីនៃការធ្វើកសិកម្មប្រកបដោយចីរភាព។ និងជាឱកាស សម្រាប់រួមគ្នាគិតគូលើលទ្ធភាពបង្កើនការផលិត ការកែច្នៃ ក្នុងការឆ្លើយតប និងបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើការបង្កើនផលិតភាពកសិកម្ម កាត់បន្ថយថ្លៃដើម បង្កើនប្រាក់ចំណូល សុវត្ថិភាព ចំណីអាហារ សន្តិសុខស្បៀង និងជំរុញបច្ចេកទេសកសិកម្មសមស្រប ដែលធន់នឹងការប្រែប្រួល អាកាសធាតុ ជាពិសេសការស្តារនិងរក្សានូវគុណភាពដី ជីវចម្រុះ និងបរិស្ថានប្រកបដោយនិរន្តរភាព និងភាពស្រង់បំព្រងនៃ សហគមន៍ជនបទ»។
លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានកត់សម្គាល់ថា កសិករកម្ពុជា នៅតែប្រឈមមុខនឹងឧបសគ្គសំខាន់ៗ រួមមាន ផលិតភាពទាប លទ្ធភាពទទួលបានបច្ចេកវិទ្យាមានកម្រិត ឧបសគ្គទីផ្សារ និងភាពងាយរងគ្រោះនៃអាកាសធាតុ។
លោកបន្តថា «ដើម្បីធានាបាននូវអនាគតប្រកបដោយនិរន្តរភាព យើងត្រូវរួមគ្នាចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ វេទិការយៈពេលពីរថ្ងៃនេះនឹងចែកររំលែក និងពិភាក្សាគ្នាអំពីបទពិសោធន៌ល្អ និងចក្ខុវិស័យសម្រាប់អនាគតដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ»។
ជាមួយគ្នានេះ លោកបានស្នើដល់តួអង្គពាក់ព័ន្ធនានា រួមមានកសិករគួរចាប់យកការអនុវត្តប្រកបដោយនិរន្តរភាព វិនិយោគលើចំណេះដឹង និងជំនាញ រៀបចំ និងសហការ និងធ្វើពិពិធកម្មប្រភពចំណូល។ សម្រាប់អង្គការសង្គមស៊ីវិល ត្រូវតស៊ូមតិដើម្បីការផ្លាស់ប្តូរគោលនយោបាយ លើកកំពស់សិទ្ធិអំណាច ការយល់ដឹងដល់កសិករ និងតាមដានវឌ្ឍនភាពការអនុវត្តគោលនយោបាយ។ សម្រាប់រាជរដ្ឋាភិបាល គួរវិនិយោគលើវិស័យកសិកម្ម លើកកម្ពស់ការអនុវត្តប្រកបដោយភាពវៃឆ្លាតនៃ អាកាសធាតុ គាំទ្រលទ្ធភាពទទួលបានទីផ្សារ និងពង្រឹងសេវាកម្មបន្ថែម និងសម្រាប់ដៃគូអភិវឌ្ឍន៍និងសហគមន៍អន្តរជាតិ សូមផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា សហការជាមួយភាគីពាក់ព័ន្ធក្នុងស្រុក និងគាំទ្រការស្រាវជ្រាវនិងការច្នៃប្រឌិត។
លោកស្រី ស៊រ សាវេត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានឱ្យដឹងថា បើទោះបីជារបរកសិកម្មជាមុខរបស់ដែលផ្តល់នូវចំណូលសម្រាប់ទ្រទ្រង់ជីវភាពកសិករ ប៉ុន្តែកសិករនៅតែជួបបញ្ហាប្រឈមជាច្រើន ដែលបានរាំងស្ទះដល់ការធ្វើកសិកម្មរបស់កសិករ ដូចជាការបម្រែបម្រួលអាកាសធាតុ, ការកើនឡើងកម្តៅ, ការជួបគ្រោះរាំងស្ងួត កង្វះទឹកសម្រាប់ធ្វើស្រែ, គ្រោះទឹកជំនន់, បញ្ហាសត្វល្អិតដែលបំផ្លាញដំណាំ, ការខូចដី និងសឹកដី, ការប្រែប្រួលតម្លៃនៅលើទីផ្សារនៅពេលប្រមូលផល, កង្វះលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានដើម្បីវិនិយោគលើមុខរបរកសិកម្មរបស់ខ្លួន, លទ្ធភាពទទួលបានបច្ចេកវិទ្យា ក្នុងការកែច្នៃផលិតផលកសិកម្មរបស់ខ្លួន និងធាតុចូលកសិកម្មមានតម្លៃថ្លៃជាដើម ដែលជាបញ្ហាធ្វើឱ្យកសិករកម្ពុជា រងការខាតបង់ប្រាក់ចំណេញ និងទាមទារភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយ ដើម្បីជំរុញឱ្យការធ្វើកសិកម្មនៅកម្ពុជា មានចីរភាព និងនិរន្តភាព៕