(ភ្នំពេញ)៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តទី៧ បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) តាមរយៈការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តរបស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ។

នៅក្នុងការពង្រីកវិសាកភាព ប.ស.ស មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា បេឡាជាតិសន្តិសុខសង្គមបាន និងកំពុងចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការថែទាំសុខភាពរបស់ ពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើថ្លៃថែទាំសុខភាព។

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពរបស់បេឡាជាតិសន្តិសុខសង្គមដែលមានសមាជិករាប់លាននាក់។ ប.ស.ស បានចូលរួមចំណែកយ៉ាងសំខាន់លើការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពក្នុងការប្រើប្រាស់បណ្ណ ប.ស.ស ឱ្យកាន់តែទូលំទូលាយជាងមុន និងចំណាយប្រាក់តិចក្នុងការបង់វិភាគទានលើសេវាថែទាំសុខភាព។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍របស់ ប.ស.ស និងភាពងាយស្រួលលើការប្រើប្រាស់ គឺជាការលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់សេវារបស់រាជរដ្ឋាភិបាល មួយនេះកាន់តែច្រើនឡើងៗ ជាពិសេសលើកទឹកចិត្តឱ្យពលរដ្ឋកាន់តែគិតគូរពីសុខភាពជាងមុន។ ប.ស.ស ទទួលបានការពេញចិត្តពី សំណាក់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវាមួយនេះកន្លងមក ហើយជាបណ្តើៗសេវាកម្មមួយនេះនឹងក្លាយទៅជាបង្អែកសម្រាប់ពលរដ្ឋកម្ពុជាក្នុងការថែទាំសុខភាពរបស់ពួកគេ។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការពង្រីកវិសាលភាពរបស់បេឡាជាតិសន្តិសុខសង្គម គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ខណៈពេលដែល ប.ស.ស របស់រាជរដ្ឋាភិបាល បាននិងកំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា បេឡាជាតិសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានក្លាយទៅជាមធ្យោបាយយ៉ាងមានសារសំខាន់សម្រាប់ទ្រទ្រង់សុខភាពរបស់ ពលរដ្ឋកម្ពុជា ពីព្រោះសមាជិករបស់ ប.ស.ស ចំណាយថវិកាតិច ក៏ប៉ុន្តែពួកគេទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអាចប្រើប្រាស់សេវាថែទាំសុខភាព ផ្សេងៗទៀត បានដោយមានប្រសិទ្ធិភាព និងរហ័សផងដែរ។

ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗសំដៅ រក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។ បច្ចុប្បន្នរបបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២,៦៧១,០៣០នាក់ ក្នុងនោះសមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍មានចំនួន ៤២២,៥៩៣នាក់ និងសមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៣៦,២១០នាក់។

ចំណុចគួរឱ្យកត់សំគាល់ គឺចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ដូចជាតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស បានកើនឡើងជា បន្តបន្ទាប់ក្នុងឆ្នាំ២០២៤នេះ។ ទន្ទឹមនេះ ប.ស.ស មានសមាជិក ប.ស.ស បានប្រើប្រាស់សេវាចំនួន ២១,០៣៥,៤៣៣ដង និងបានផ្តល់សាច់ប្រាក់ដល់ស្រីមាន ផ្ទៃពោះចំនួន ៦៥,៤៦៣នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន៥៥១,៧០៩នាក់ ផងដែរ។ តាមរយៈនេះ បង្ហាញថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលដើរតួនាទីយ៉ាងសំខាន់លើការថែទាំសុខភាពរបស់ពលរដ្ឋ៕