(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពបើកវេទិកាថ្នាក់ខេត្តរយៈពេល ២ថ្ងៃ (ថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤) ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
វេទិកានេះមានការអញ្ជើញចូលរួមដោយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៤ ព្រមទាំង អាជ្ញាធរឃុំសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
វេទិកានេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សា រវាងរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៥០។
ថ្លែងក្នុងឱកាសបើកវេទិកានេះលោក សុខ លូ បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញការធ្វើកំណែទម្រង់ជាច្រើន ក្នុងនោះក៏មានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផ្តោតលើការរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
អភិបាលខេត្តបានបន្តថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ បង្កើតឱ្យមានមូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវា ជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការនានាជូនប្រជាពលរដ្ឋ ចំគោលដៅ ទាន់ពេលវេលា សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕