(ភ្នំពេញ)៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា «IDEA» បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះដែរ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ «IDEA» បានគូសបញ្ជាក់ថា ការដាក់ចេញនូវកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ គឺជាឱកាសថ្មីស្រឡាងមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់បង្កើតជំនាញថ្មីមួយទៀត ក្រៅតែពីការលក់ដូរបន្តិចបន្តួចដែលមានប្រាក់ចំណូលទាប។ លោកវាយតម្លៃខ្ពស់ពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះថា ជាការលើកកម្ពស់ជីវភាពរបស់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប្រធានសមាគមរូបនេះ បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក៏ជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយ ដែលអាចកែប្រែជីវភាពរបស់ពលរដ្ឋ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលអនាគតដ៏ខ្លីខាងមុខ ពីព្រោះជំនាញវិជ្ជាជីវៈដែលពួកគេទទួលបានជាឱកាសក្នុងការបង្កើតរបរថ្មី ដែលមានប្រាក់ចំណូលសមរម្យ ជាងមុន។ លើសពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចផ្លាស់ប្តូមុខរបរថ្មី បានបន្ទាប់ពីបានសិក្សាជំនាញដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា។
លោក វន់ ពៅ បានសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូអនាគតបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់ រាជរដ្ឋាភិបាលមកលើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកទទួលយកឱកាសក្នុងការសិក្សាជំនាញដ៏សំខាន់មួយនេះ ដើម្បីផ្លាស់ប្តូជីវភាពអនាគតរបស់ពួកគេ។
ចំណែកឯលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET) របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបាននិងកំពុងដំណើរការរយៈពេល១ឆ្នាំហើយ ដោយកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជា និងកែប្រែអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន និងពលរដ្ឋកម្ពុជា។
នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសរូបនេះ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានដំណើរការយ៉ាងរលូន និងទទួលបានពលរដ្ឋចុះឈ្មោះរៀនជំនាញ រាប់ម៉ឺននាក់ ក្នុងរយៈពេល១ឆ្នាំមកនេះ។ ដោយឡែកយុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧ម៉ឺននាក់ នៅទូទាំងប្រទេស។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ បាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញ ដល់យុវជន យ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស ក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។
ទន្ទឺមនះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ៕