(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទសន្និបាតរបស់ខ្លួន។
ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធដទៃទៀត។
ក្រសួងរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ មានបេសកកម្មដឹកនាំ និងគ្រប់គ្រងលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ជារបៀបរបបនៃការដឹកនាំរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាបណ្តាក្រសួង ស្ថាប័នដទៃផងដែរ តែងតែរៀបចំសន្និបាត ក៏ដូចជាកិច្ចប្រជុំប្រចាំ ដើម្បីពនិត្យផ្ទៀងផ្ទាត់សមិទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំចាស់ ក៏ដូចជាពិនិត្យឡើងវិញនូវការងារមិនទាន់បានសម្រេច ព្រមទាំងរៀបចំកសាងផែនការការងារថ្មីសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំថ្មី។
ក្នុងសន្និបាតរយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមផ្នែកនីមួយៗ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាច្រើនដែលពួកគេសម្រេចបាននៅក្នុងឆ្នាំចាស់ ជាផ្លែផ្កាប្រកបដោយក្តីសោមនស្សរីករាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ស្របតាមគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាល។
ពួកគេ ក៏បានជជែកគ្នាយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីពិនិត្យឡើងវិញនូវការងារដែលប្រឈម ហើយត្រូវកែលំអរឡើងវិញឱ្យកាន់តែល្អប្រសើរសម្រាប់ឆ្នាំថ្មី។
សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៨ តាមព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ហើយនៅក្នុងនីតិកាលទី២នៃរដ្ឋសភា ទើបច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចូលជាធរមាន តាមព្រះរាជក្រមលេខនស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចកិច្ចការជាដែនសមត្ថកិច្ចរបស់ក្រសួងស្របតាមគោលបំណងដ៏មុតមាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ដើម្បីសម្រេចបាននូវការងារដ៏ពិសិដ្ឋជូនជាតិ និងប្រជាជន ក្រសួងបានកំណត់ ទិសដៅការងារអាទិភាពគោលនយោបាយ ១៥ចំណុចរួមមាន៖
* អាទិភាពទី១៖ ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្ដែង និងអនុវត្តឆ្ពោះទៅរកលទ្ធផល។
* អាទិភាពទី២៖ ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាន គតិ យុត្តឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី និងមានភាពជាក់ស្តែងនិយមមានសង្គតិភាព ពិសេសការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន រួមមាន+ (១). ច្បាប់ភូមិបាល ដោយត្រូវរៀបចំឡើងវិញទាំងស្រុង (២). ច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជាច្បាប់ថ្មីមិនធ្លាប់មាន (៣). ច្បាប់ស្ដីពីលំនៅឋានជាច្បាប់ថ្មីមិនធ្លាប់មាន។
* អាទិភាពទី៣៖ ការកសាងសា្ថប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរ ការ ដោយយប្រវត្តិប្រសិទ្ធភាព ។
* អាទិភាពទី៤៖ ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។
* អាទិភាពទី៥៖ ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋ កិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
* អាទិភាពទី៦៖ ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាពនិងចីរភាព ពិសេសស្រប តាមរបៀងសេដ្ឋកិច្ចដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដីសា ធារណៈសម្រាប់ចម្រុងទុក ដីសម្រាប់សួន សាធារណៈ តំបន់បៃតង។ល។
* អាទិភាពទី៧៖ ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចំផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឱ្យបានចប់សព្វគ្រប់ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរ ឱ្យចង់រស់នៅ។
* អាទិភាពទី៨៖ ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឱ្យបានច្រើន រចនាបថខ្មែរទំនើប «សហសម័យ និងចលនាឱ្យកាន់តែផុសផុលក្នុងការលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរ ព្រមទាំងពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់។
* អាទិភាពទី៩៖ ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ និងមានបរិស្ថានល្អប្រកបដោយសុខដុម តាមរយៈការរៀបចំគម្រូផ្ទះសម្រាប់យកជាមូលដ្ឋាន ព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគ មលំនៅឋានសម្រាប់ទីតាំងថ្មីៗ។
* អាទិភាពទី១០៖ ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាងរដ្ឋបាលសាធារណៈ ទំនើប ការតម្រង់ទិសការងារឱ្យកាន់តែសមស្របតាមមុខងារសាធារណៈ ការបង្កើនប្រសិទ្ធការងារ ពិសេសការពង្រឹង គុណភាពសេវា និងការបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទដីធ្លីឱ្យបានលឿនហើយដាច់ស្រេច ដើម្បីឈានដល់ ចុះបញ្ជីបានលឿន។
* អាទិភាពទី១១៖ ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរ ភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
* អាទិភាពទី១២៖ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន។
* អាទិភាពទី១៣៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស ក៏ដូចជាការងារដឹកនាំគ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន។
* អាទិភាពទី១៤៖ ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកិត្យានុភាព កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ ដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិកាន់តែមានជំនឿទុកចិត្តលើកម្ពុជា ព្រម ទាំងផ្តល់ព័ត៌មានចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណជន។
* អាទិភាពទី១៥៖ កិច្ចការសន្តិសុខនយោបាយនិងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ាន ដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយផ្ទៃក្នុង និង នយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាពនយោបាយ៕