(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ា-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិចំនួន ៦ចំណុច ដើម្បីចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជានៅឆ្នាំ២០២៥។

សារអំពាវនាវចំនួន ៦ចំណុច របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រួមមាន៖

១៖ សូមចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយដើម្បីពង្រឹងភាពជាអ្នកដឹកនាំសហគមន៍ ឆ្លើយតបឱ្យបានទូលំទូលាយ និងពហុវិស័យគ្របដណ្ដប់ទៅគ្រប់ភូមិសាស្ត្រ និងគ្រប់ក្រុមគោលដៅ។

២៖ ក្មួយៗជាយុវជន យុវនារី ត្រូវប្រកាន់យកនូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការ ការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរាលដាលនៃមេរោគេអដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ»

៣៖ អ្នកដែលបានប្រព្រឹត្តឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូរប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

៤៖ ស្រ្តីមានផ្ទៃពោះទាំងអស់ ចូរប្រញាប់រួសរាន់ស្វែងរកសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ទៅតាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា ទារក និងដើម្បីចូលរួម
ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយទៅទារក។

៥៖ ត្រូវបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍
និងជំងឺអេដស៍នៅកម្ពុជា។

៦៖ ចំពោះអ្នកដែលមានមុខរបរ ឬមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។

តាមរយៈសារខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជនរួមជាតិទាំងអស់ ពិតជាអាចប្រើប្រាស់បានក្នុងការធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និង
ជួយបន្តចែកចាយសារទាំងអស់នេះទៅកាន់សមាជិកក្រុមគ្រួសារ បងប្អូន មិត្តភក្តិ សហសេវិក។ល៕