(សៀមរាប)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ទទួលជំនួបទ្វេភាគីជាមួយលោក Muzaffar Ashuriyon រដ្ឋមន្រ្តីយុត្តិធម៌ និងជាប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋតាជីគីស្ថាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ នៃសាធារណរដ្ឋតាជីគីស្ថាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានចាត់ទុកការចូលរួមរបស់តាជីគីស្ថាន គឺជាផ្នែកមួយនៃគ្រួសារ អនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានេះ លោក លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការរួមចំណែករបស់តាជីគីស្ថានក្នុងការសម្រេចបាននូវគោលដៅរួមនៃអនុសញ្ញា និងបានស្នើសុំឱ្យប្រទេសតាជីគីស្ថានបន្តចូលរួមដោះស្រាយបញ្ហាមីន ផងដែរ។
លោក Muzaffar Ashuriyon បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលសៀមរាម-អង្គរដ៏មានសារៈសំខាន់ និងកិច្ចប្រជុំសម្រាប់មន្រ្តីជាន់ខ្ពស់ ហើយបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសដែលមានបទពិសោធន៍ច្រើនសម្រាប់វិស័យសកម្មភាពមីន។
លោក Muzaffar Ashuriyon បានបញ្ជាក់ទៀតថា ឆ្នាំ២០២៥ខាងមុខ ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា និងបានស្នើសុំឱ្យមានការគាំទ្រ និងបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងប្រទេសតាជីគីស្ថាន និងកម្ពុជា៕