(ភ្នំពេញ)៖ គណៈប្រតិភូព្រះសង្ឃខ្មែរកម្ពុជាក្រោម ៦ព្រះអង្គ ដែលមកពីខេត្តត្រាវិញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននិមន្តជួបសំណេះសំណាលជាមួយ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ អំឡុងព្រះអង្គនិមន្តបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១សប្តាហ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូព្រះសង្ឃខ្មែរកម្ពុជាក្រោម បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមកអំពីទំនៀមទម្លាប់ប្រពៃណីរវាងខ្មែរក្រោម និងខ្មែរកណ្ដាល ដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមទៀតពីការបដិបតិបត្តិធម៌វិន័យ និងការអភិរក្សមរតក៌ប្រពៃណី ទំនៀមទំលាប់ របស់ខ្មែរនៅក្នុងដំណាក់កាលនៃសន្តិភាពនេះ។

សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាន និងកំពុងនិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។

ព្រះអង្គបានមានថេរដីការថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញ បានចាត់ទុកអង្គកឋិនទានកន្លងមក ជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព៕