(កំពង់ធំ)៖ លោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យមន្ត្រីទាំងអស់ ត្រូវពង្រឹងលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការងារទីផ្សារ ដើម្បីរួមចំណែកកាត់ បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

លោក ជា កុសល បានថ្លែងក្នុងពិធីបិទក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ វិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជា្ជជីវៈរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត, លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ សហគ្រាស សិស្សនិស្សិតជិត២០០នាក់។

លោកសូមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បេឡាជាតិសន្តិសុខសង្គម វិទ្យាស្ថានពហុបច្ចេកទេស មជ្ឈមណ្ឌលការងារតាមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយផ្លែផ្កា ដែលបានចូលរួមលើក កម្ពស់ការអនុវត្តច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗទៀត សំដៅបំពេញអនុលោមភាព។ ការបំពេញបែបបទស្តីពីសហគ្រាស និងការអនុវត្តលក្ខខណ្ឌការងារ តាមសហគ្រាសគ្រឹះស្ថាន ដែលតម្រូត្រូវឱ្យបំពេញបែបបទតាមអនឡាញទាំងនេះ គឺជាការរួមចំណែកគោលនយោបាយឌីជីថល របស់រដ្ឋាភិបាល អាណត្តិទី៧។

លោកបន្តថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តនូវរបបស្វ័យនិយោជន៍សម្រាប់ផ្នែកថែទាំសុខភាព ទាំងអស់នេះសុទ្ធតែជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលកើតឡើងពីសុខសន្តិភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ១លាន ៥សែននាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ជា កុសល បានបញ្ជាក់ទៀតថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យសមស្របតាមតម្រូវការទីផ្សារការងារដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចដែលបានរំលេចឡើងនៅក្នុងយុទ្ធសាស្ត្រកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពការងារនៅកម្ពុជា មន្ទីរត្រូវ ជំរុញទៅដល់ម្ចាស់ សហគ្រាសគ្រឹះស្ថានទាំងអស់ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ធំ ចូលរួមអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានដែលពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះ ក្នុងនាមលោករដ្ឋមន្ត្រី, លោកបានផ្តល់អនុសាសន៍ដូចខាងក្រោម៖

*បន្តសហការសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យកាន់តែល្អប្រសើរឡើង
*បំពេញសេវាឱ្យបានល្អតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ និងលិខិតបទដ្ឋានគតិយុត្ត
*រៀនសូត្រជាប្រចាំដើម្បីពង្រឹងសមត្ថភាពទៅតាមជំនាញរបស់ខ្លួន
*បន្តផ្សព្វផ្សាយជ្រើសរើសសិក្ខាកាមឱ្យចូលរៀនជំនាញវិជ្ជាជីវៈតាមគោលនយោបាយរបស់រដ្ឋាភិបាល
*ថែរក្សាសុខភាពព្រោះថា មានសុខភាពទើបមានអ្វីៗទាំងអស់។

លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានឲ្យដឹងថា ឆ្លើយតប និងផែនការអឌ្ឍន៍៣ឆ្នាំរំកិល មន្ទីរបានរៀបចំផែនការ ក្នុងនោះបានរៀបចំផែនការសកម្មភាព ឆ្នាំ២០២៤ សម្រាប់អនុវត្ត ផែនការយុទ្ធសាស្ត្រវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៥ឆ្នាំ (២០២៤-២០២៨) ដែលមានកម្មវិធីការងារអាទិភាពភាពចំនួន៥រួមមាន៖

*យុទ្ធសាស្ត្រទី១៖ ការរៀបចំ និងការអនុវត្តគោលនយោបាយទីផ្សារការងារ
*យុទ្ធសាស្ត្រទី២៖ ការអភិវឌ្ឍការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
*យុទ្ធសាស្ត្រទី៣៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព សុខភាពការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារ
*យុទ្ធសាស្ត្រទី៤៖ ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ប្រកបដោយសុវត្ថិភាពគុណភាព និងប្រសិទ្ធភាព។
*យុទ្ធសាស្ត្រទី៥៖ ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច៕