(ស្វាយរៀង)៖ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យស្វាយរៀង និងលោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសាកលវិទ្យាល័យ, ក្រុមហ៊ុនកាត់ដេរ លូ ថៃ និងវិទ្យាស្ថានវិជ្ជាជីវៈសានតុង (Shandong) នៃឧស្សាហកម្មធុនស្រាល។
ពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពីលោក លីវ ជីពីន, អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន លូ ថៃ គ្រុប និងប្រតិភូ, លោក សោ ផឹង តំណាងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ផូឡារីស លោក ហ្វាន គួយជីន លេខាគណៈកម្មាធិការបក្ស នៃវិទ្យាស្ថានវិជ្ជាជីវៈ សាន តុង ឧស្សាហកម្មធុនស្រាល, កញ្ញា លី ឈីនអ៊ុង ប្រធានមហាវិទ្យាល័យម៉ូដអន្តរជាតិ និងជាប្រធាននាយកដ្ឋានវិស្វកម្មវាយនភណ្ឌ និងក្រុមការងារ ព្រមទាំងលោក លោកស្រី ដែលជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យស្វាយរៀង ជាច្រើនរូបទៀតផងដែរ។
លោកបណ្ឌិត សោម រតនា បានថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា ស្មារតី ដើម្បីផលិតបានកិច្ចព្រមព្រៀងជាផ្លូវការថ្ងៃនេះ។ អនុស្សរណៈ នៃការយោគយល់គ្នា (MOU) គ្រាន់តែជាការចាប់ផ្តើមដំបូង នៃទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយផ្លែផ្កា ហើយយើងទន្ទឹងរង់ចាំភាព ជោគជ័យជាច្រើនដែលនឹងសម្រេចបានរួមគ្នា។
លោកបណ្ឌិត សោម រតនា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឫសគល់ នៃគោលការណ៍ធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស កំណើនវិស័យឯកជន និងកំណែទម្រង់អភិបាលកិច្ច ដោយបានដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់វឌ្ឍនភាព និងវិបុលភាពក្នុងប្រទេសជាតិរបស់យើង។
លោកបណ្ឌិតបានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ បានបង្កើតសសរស្ដម្ភសំខាន់ៗចំនួន៣នៃកិច្ចសហប្រតិបត្តិការ រួមមាន៖
*ទី១៖ បង្កើតច្រកសម្រាប់កម្មវិធីផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ដែលនឹងពង្រឹងបទពិសោធន៍អប់រំ នៃសហគមន៍របស់យើងកាន់តែប្រសើរថែមទៀត មិនតែប៉ុណ្ណោះ និស្សិតរបស់យើង ក៏នឹងទទួលបានផលប៉ះពាល់ជាវិជ្ជមាន ដ៏មានតម្លៃចំពោះស្តង់ដារ នៃសិក្សាជាអន្តរជាតិ និងការអនុវត្តឧស្សាហកម្ម ខណៈពេលដែលបុគ្គលិកសិក្សារបស់យើងក៏នឹងពង្រឹងបាននូវជំនាញរបស់ពួកគេផងដែរតាមរយៈឱកាសនៃការអភិវឌ្ឍន៍វិជ្ជាជីវៈ។
*ទី២៖ កម្មវិធីពីរដែលយើងកំពុងដាក់ឱ្យដំណើរការនឹងរួមបញ្ចូលគ្នានូវចំណេះដឹងខាងទ្រឹស្តីផ្សាភ្ជាប់ជាមួយ នឹងបទពិសោធន៍ជាក់ស្តែងក្នុងរោងចក្រសហគ្រាស។ វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនេះនឹងធានាថា និស្សិតបញ្ចប់ការសិក្សារបស់យើងមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រៀមខ្លួនជាស្រេចក្នុងឧស្សាហកម្មផងដែរ ដោយបំពេញតាមតម្រូវការដែលកំពុងវិវត្តនៃវិស័យ ផលិតកម្មនាពេលបច្ចុប្បន្ន។
*ទី៣៖ ដោយមានការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុន លូ ថៃ យើងនឹងកាត់បន្ថយបាននូវគម្លាតរវាងអ្នកសិក្សា និងការងារជាក់ស្តែងក្នុងរោងចក្រសហគ្រាស។ ភាពជាដៃគូក្នុងឧស្សាហកម្មនេះនឹងផ្តល់ឱ្យនិស្សិត របស់យើងផងដែរនូវឱកាសកម្មសិក្សា ការបណ្តុះបណ្តាលជាក់ស្តែង និងផ្លូវការងារដែលមានសក្តានុពល។
លោកបណ្ឌិតបានបន្តថា ភាពជាដៃគូនេះ គឺពិតជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យស្វាយរៀង មានក្នុងការ ផ្តល់ឱកាសសិក្សាលំដាប់ពិភពលោក សម្រាប់និស្សិតរបស់យើង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងឧត្តមភាពនៃការរៀននិងបង្រៀនគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា និងបានបង្កើតច្រកការងារប្រកបដោយនិរន្តរភាពសម្រាប់និស្សិតបញ្ចប់ការសិក្សាផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់នូវការចុះអនុស្សរណៈយោគយល់គ្នា ក្រុមការងារសាកលវិទ្យាល័យស្វាយរៀង និងក្រុមហ៊ុនពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យមើលផ្ទាល់ដល់រោងចក្រ ដែលកំពុងដំណើរការផងដែរ៕