(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ បានឧបត្ថម្ភទូកស្មាច់ដល់សាលាតះហ្វីសអានវើ ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ និងទូកស្មាច់ខ្នាតធំ និងម៉ាស៊ីនដល់បងប្អូន មូស្លីមមួយគ្រួសារដែលខ្វះខាត សម្រាប់ប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ។
ស្ថិតនៅក្នុងពិធីប្រគល់-ទទួល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងលោក ចៅ តុល បានឲ្យដឹងថា ដោយសារមើលឃើញពីទុក្ខលំបាករបស់លោក លី អាប់ឌុលឡោះ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ លី រ៉ហ្វីអះ អាយុ៤៣ឆ្នាំ មានកូន៤នាក់ ទើបលោកបានឧបត្ថម្ភទូកស្មាច់ខ្នាតធំសម្រាប់ប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ និងទូកស្មាច់មួយទៀត សម្រាប់សិស្សសាលាក្នុងការប្រើប្រាស់ប្រចាំថ្ងៃលើដងទន្លេបាសាក់នេះ។
លោក ឡា ស្លេះ តំណាងសាលា និងលោក លី អាប់ឌុលឡោះ តំណាងគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ចៅ តុល និងគ្រួសារ ដែលបានគិតគូរ យកចិត្តទុកដាក់ដល់សាលា និងគ្រួសាររបស់លោក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រកបមុខរបរនេសាទចិញ្ចឹមជីវិត។
គួរជម្រាបថា សម្រាប់អ្នកស្រុកកោះជាជនមូស្លីមទាំងអស់ គោរពស្រលាញ់ និងគាំទ្រលោក ចៅ តុល និងគ្រួសារអស់ពីបេះដូង ក៏ព្រោះតែអំពើល្អរបស់លោក និងគ្រួសារ ដែលតែងតែជួយមកដល់បងប្អូនមូស្លីមគ្រប់ៗរូប នូវរាតម្រូវការរបស់ពួកគេ។
ក្នុងនោះដែរសមិទ្ធផលនានាជាច្រើនរួមមាន៖ វិហារឥស្លាមធំៗចំនួន២ បានលេចចេញជារូបរាងឡើងដ៏ស្រស់ស្អាត និងការជួយជ្រោមជ្រែងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូជាច្រើននាក់ ដែលទទួលបានការឧបត្ថម្ភពីលោកចៅ តុល និងក្រុមគ្រួសារផងដែរ៕