(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះផ្តល់ប្រាក់កម្ចី ដោយឥតការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វហខាតចំនួន៥០គ្រួសារ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។

នៅក្នុងឱកាសនោះលោក ឃិន ញ៉ាណ បានផ្តាំផ្ញើប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

លោក ឃិន ញ៉ាណ បានថ្លែងថា ជាក់ស្តែងថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានចុះផ្តល់ប្រាក់កម្ចីដោយឥតការប្រាក់ ដែលជាប្រាក់កម្ចីខ្នាតតូច ជាថវិការបស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារពិការ ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ចំនួន៥០ករណី ដែលក្នុង១ករណីអាចកម្ចីបានថវិកាចំនួន១លានរៀល ដោយមិនមានការប្រាក់។

លោក ឃិន ញ៉ាណ បានថ្លែងបញ្ជាក់ទៀតថា ប្រាក់កម្ចីដែលផ្តល់ជូនប្រជាពលរដ្ឋនៅពេលនេះ គឺសម្រាប់យកទៅប្រកបមុខរបរផ្សេងៗ ហើយប្រាក់នេះមិនមែនជាអំណោយនោះទេ បងប្អូនអាចកម្ចីរហូតដល់រយៈពេល១ឆ្នាំ ដោយមិនមានការប្រាក់ និងត្រូវសងត្រឡប់មកវិញរយៈពេល៦ខែម្តង ដោយទឹកប្រាក់ចំនួន១លានរៀល ត្រូវសងមកវិញចំនួន២លើក លើកទី១រយៈពេល៦ខែ សង៥០ម៉ឺនរៀល និងលើកទី២រយៈពេល៦ខែទៀត ត្រូវសង៥០ម៉ឺនរៀលទៀត ដើម្បីកាកបាទក្រហមកម្ពុជាយកទៅបង្វិលជូនបងប្អូនក្រីក្រកម្ចីបន្តទៀត។

លោក ឃិន ញ៉ាណ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ក្រោយពីទទួលបានថវិកាកម្ចីនេះហើយ ត្រូវខិតខំពង្រីកមុខរបរផ្សេងៗ ដូចជាកសិកម្ម ចិញ្ចឹមសត្វ លក់ដូរ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ពិសេសត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារពីជំងឺផ្សេងៗ៕