(កំពង់ចាម)៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច បានសហការគ្នា ធ្វេីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោកស្រី ឯក គន្ធវារី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាលគ្រួសក្រហមលើការងារថែទាំជាប្រចាំចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកចំនួន៧ នៃខេត្តកំពង់ចាម។
ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់លើផ្លូវទាំងនេះ លោកស្រី ឯក គន្ធវារី ក៏បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើឱ្យបងប្អូនបានមកវិញនូវផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ប្រវែងជាង១២១គីឡូម៉ែត្រ មាននៅក្នុងស្រុកបាធាយ, ស្រុកព្រៃឈរ ,ស្រុកជេីងព្រៃ ស្រុកចំការលេី ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម និងស្រុកកងមាស ដែលនាំឱ្យងាយស្រួលដល់ការធ្វើដំណើរទៅកាន់ទីប្រជុំជន មានទៅមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្តអារាម និងងាយស្រួយក្នុងការកសិផលនានាផងដែរ។
ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវក្រាលគ្រួសក្រហម១៥ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំប្រចាំផ្លូវទាំងនេះ។
លោករដ្ឋលេខាធិការ បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវក្រួសក្រហម ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។ ផ្លូវទាំងអស់នេះបានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើនលើសពីការរំពឹងទុកតាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យនៅតាមតំបន់នោះមានការឡើងថ្លៃជាដើម៕