(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា រយៈពេលជាង១០ឆ្នាំ ក្រោមជំនួយរបស់ប្រទេសជប៉ុន CMAC បណ្ដុះបណ្ដាលមន្ត្រីជំនាញផ្នែកដោះមីន មកពីបរទេសបានជាង៦០០នាក់។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហេង រតនា នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីនៃព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្រោមប្រធានបទ «ពង្រឹងសមត្ថភាពជាតិ សម្រាប់និរន្តរភាពសកម្មភាពមីន តាមរយៈភាពជាដៃគូរវាងទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី» នៅខេត្តសៀមរាប។
លោកបន្តថា សកម្មភាពការងារស្នូលរបស់អង្គភាព CMAC រចនាសម្ព័ន្ធក្នុងភាពជាម្ចាស់ និងដៃគូ ក្នុងវិស័យសកម្មភាពមីន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាល លើវិស័យសកម្មភាពមីនជូនដល់ប្រទេស ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។
លោកបានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការត្បូង ត្បូង ជប៉ុន បានជួយដល់ស៊ីម៉ាក់នៅក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញនានា មកពីបណ្តាប្រទេសមួយចំនួន ដែលកំពុងជួបវិបត្តិគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម បានចំនួន៣៧វគ្គ ដែលមានសិក្ខាកាមចំនួន៦៥៦នាក់ ដែលពួកគេមកពីប្រទេសកូឡុំប៊ី ឡាវ អង់ហ្គោឡា និងអ៊ីរ៉ាក់ជាដើម។
លោកបន្ថែមថា ក្រៅពីនេះ ស៊ីម៉ាក់ ក៏បានសហការជាមួយនៃគូនានា ក្រៅពីប្រទេសជប៉ុន ធ្វើការបណ្ដុះបណ្តាលនូវមន្ត្រីជំនាញបរទេសបានចំនួន៨វគ្គ ដែលមានសិក្ខាកាមមកពីប្រទេសមីយ៉ាន់ម៉ា មកពីកូឡុំប៊ី ពីប្រទេសឡាវ និងមកពីប្រទេសអ៊ុយក្រែន ចំនួន៩៣នាក់ផងដែរ។
គួររំលឹកផងដែរ តំណាងប្រទេសនៅតំបន់អាហ្រិកចំនួន៤ រួមមាន៖ ប្រទេសប្រទេសស៊ូដង់ខាងត្បូង ប្រទេសសូម៉ាលី ប្រទេសអេត្បូពី និងប្រទេសនីហ្សេរីយ៉ា ក៏ធ្លាប់បានចូលរួមសិក្ខាសាលារួមគ្នាជាមួយអង្គភាពស៊ីម៉ាក់ ក្រោមការសម្របសម្រួលជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីចូលរួមសិក្ខាសាលារួមគ្នាមួយស្តីពី «ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិ សម្រាប់កិច្ចប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន» កាលពីខែមករា ឆ្នាំ២០២៤ផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូអាជ្ញាធរជាតិនៃតំណាងប្រទេសនីមួយៗ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានសម្តែងនូវភាពរីករាយ និងបានទទួលស្គាល់ ព្រមទាំងស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាព ភាពខ្លាំង និងជោគជ័យរបស់អង្គភាព CMAC នាកន្លងមក។ ជាពិសេស ការកសាងសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ក្នុងនាមជាស្ថាប័នជាតិ ការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីន ជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាមផងដែរ៕