(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វ-ផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូ អមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង៨ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មានមតិស្វាគមន៍នាឱកាសនោះលោក គីម រិទ្ធី បានថ្លែងគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុកទាំង៨ និងឃុំសង្កាត់ទាំង៥១ បានអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្ម ធ្វើឱ្យសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយព្រំដែន និងនៅទូទាំងខេត្ត មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ បទល្មើព្រៃឈើ ធនធានធម្មជាតិ បទល្មើសជលផល និងបទល្មើសនានា ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។
លោក អ៊ុំ ម៉ារ៉ា បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅធានាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការចូលរួមទប់ស្តាត់រាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់រដ្ឋបាលខេត្តព្រះវិហារ។
រដ្ឋលេខាធិការថ្លែងបន្តថា ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ លើកកម្ពស់ការផ្តល់សេវាសាធារណៈពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម។
លោក អ៊ុំ ម៉ារ៉ា បានថ្លែងគូសបញ្ជាក់ថា នៅក្នុងលក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្តិចំនួន៣ ត្រូវបានលើកយកមកផ្ដល់ពិន្ទុក្នុងការប្រកួតប្រជែងប្រចាំឆ្នាំ រួមមាន៖ លក្ខណៈសម្បត្តិទី២ ទី៣ និងទី៤ រួមបន្ថែមជាមួយនិងការចុះផ្សព្វផ្សាយការធ្វើវេទិកាសាធារណៈ និងការពង្រឹងចលនាប្រជាការពារ និងប៉ុស្ដិ៍នគបាលរដ្ឋបាល ដែលជាសកម្មភាព គាំទ្របម្រើឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕