(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Sandrine BOUCHER នាយិកា AFD ប្រចាំនៅកម្ពុជា លើគម្រោងកម្មវិធីវិនិយោគភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពទឹកស្អាតតាមទីក្រុង។
គម្រោងខាងលើនេះ ដោយមានលោកAntoine Moungenot ជាប្រធានគម្រោង ដែលមានមូលដ្ឋាននៅការិយាល័យតំបន់ AFD នៅបាងកក សហការជាមួយមន្ត្រី AFD កម្ពុជា លោក ថ្លាង ភក្ត្រា និងលោកស្រី Clara Correze និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ធ្វើនៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ លោក សុខ លូ ក៏បានថ្លែងស្វាគមន៍ និងស្នើឱ្យបន្តជួយបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែម។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងក្រុមការងាររបស់សាធារណរដ្ឋបារាំង ដែលបានជួយអភិវឌ្ឍន៍សមិទ្ធផលនានា ក្នុងខេត្តបាត់ដំបង នាពេលកន្លងមកនិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) គម្រោងកម្មវិធីវិនិយោគភាពធន់នឹងបម្រែបម្រួល អាកាសធាតុ និងសុវត្ថិភាពទឹកស្អាតតាមទីក្រុង (Climate Resilient and Water Secure Cities Investment Program) ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន ការងារសាងសង់ប្រព័ន្ធការពារទឹកជំនន់ បណ្ដាញលូទឹកកខ្វក់ ទឹកភ្លៀង ប្រព័ន្ធចម្រោះទឹកកខ្វក់និងទីលានទុកដាក់សំរាមជាដើម៕