(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅ កន្លែងធ្វើការ ដោយមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ វិស័យសុខាភិបាល សហជីព និយោជក សង្គមស៊ីវិល គ្រប់សមាសភាពគណៈកម្មការ TTC។
ក្នុងកិច្ចប្រជុំនោះ មានបទបង្ហាញចំនួន៤ រួមមាន៖
*ទី១៖ របាយការណ៍១០ខែឆ្លើយតបនឹងប្រកាសលេខ១៩៤ និងសេចក្តីណែនាំ០០៨ របស់TTC ដោយលោកលោកស្រីគង់សត្យា
*ទី២៖ ពីវឌ្ឍនភាពកម្មវិធីបង្ការមេរោគអេដស៍ជំងឺអេដស៍ដោយលោកស្រីវេជ្ជបណ្ឌិត ទេព សំណាង តំណាង NCHARD
*ទី៣៖ សេចក្តីសម្រេច នៃកិច្ចប្រជុំពេញអង្គរបស់អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ឆ្នាំ២០២៤ ដោយលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ NAA
*ទី៤៖ វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយឧត្តមសេនីយ៍ឯកលឹម តុងហួត តំណាង NACD។
ក្នុងឱកាសនោះលោក ហ៊ុយ ហានសុង បានថ្លែងនូវមតិស្វាគមន៍ដោយពាំនាំនូវការកោតសរសើរពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគាំទ្ររាល់សកម្មភាព ចូលរួមរបស់ អាជ្ញាធរជាតិទាំងពីរ វិស័យសុខាភិបាល និយោជក សហជីពនិងអង្គការសង្គមស៊ីវិល ដែលបានរួមគ្នាធ្វើសកម្មភាពយ៉ាងផុលផុសពាក់ព័ន្ធ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍នៅកន្លែងធ្វើការ។
ក្នុងឱកាសនោះលោក ហ៊ុយ ហានសុង បានសុំ និងទទួលបានការអនុម័តពីសមាជិកកិច្ចប្រជុំលើគ្រឹះស្ថានសហគ្រាសចំនួន៣០២ ដែលត្រូវទទួលបាននូវប័ណ្ណសរសើរពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍ នៅកន្លែងធ្វើការ គោរពលក្ខខណ្ឌទាំង៣ រួមមាន៖
*ទី១៖ បង្កើតគណៈកម្មការអេដស៍ និងគ្រឿងញៀន
*ទី២៖ មានគោលនយោបាយអេដស៍ និងគ្រឿងញៀនរបស់សហគ្រាសគ្រឹះស្ថាន
*ទី៣៖ មានផែនការរបាយការណ៍សកម្មភាព និងកម្មវិធីអប់រំអេដស៍និងគ្រឿងញៀននៅកន្លែងធ្វើការ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈបានលើកឡើងពី អត្ថប្រយោជន៍និងសំណូមពរឱ្យគ្រប់ភាគីទាំងអស់បំផុសឲ្យសមាជិកទាញយកកម្មវិធី NoDrug: https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមកប្រើប្រាស់ទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀនយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍សំដៅចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាព១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ឯក លឹម តុងហួតក៏បានបញ្ជាក់បន្ថែមថា ភាគីទាំងអស់មានការសប្បាយចិត្តក្រោយទទួលបានដំណឹងពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃAppNoDrug ហើយពួកគាត់និងបំផុសឲ្យមានការប្រើប្រាស់កម្មវិធីនេះដល់បុគ្គលិក សមាជិករបស់ពួកគាត់៕