(ស្ទឹងត្រែង)៖ យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៤ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ក្រោមការផ្តួចផ្តើមរបស់ក្រសួង កិច្ចការនារី និងគាំទ្រដោយអង្គការដៃគូរ UNFPA។

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីយុទ្ធនាការនេះ ធ្វើឡើងនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារី លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងលោកស្រី បួ ខាំតង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីសិស្សានុសិស្ស ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យប្រមាណ២០០នាក់។

លោកស្រី សន សុខា បានថ្លែងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ វិស័យឯកជន។

លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

លោកស្រីប្រធានមន្ទីរបន្តថា ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំយុទ្ធនាការ១៦ថ្ងៃឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹង យុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ បានបញ្ជាក់អំពីការលើកកម្ពស់ការឆ្លើយតបប្រកប ដោយបរិយាបន្ន និងសមធម៌ ដល់ស្រ្តី និងក្មេងស្រី ដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម។

ជាកិច្ចការអន្តរវិស័យរបស់ក្រសួង និងអង្គភាពចំណុះដែលជំរុញឱ្យបញ្ជ្រាប និងមានចាត់វិធានការឆ្លើយតបជាក់លាក់នៅតាមអង្គភាព និងយុទ្ធសាស្រ្តនីមួយៗ ព្រមទាំងលើកទឹកចិត្ត គិតគូរ និងជំរុញឱ្យមានវិធាន ការប្រកបដោយសមធម៌ នៅក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ក្រសួង។ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។

លោក លី មីណា បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាសកម្មភាព និងវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើង ក្នុងស្ថានភាពជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់សាធារណៈជន និងសហគមន៍ ដើម្បីឱ្យជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានទៅលើស្ត្រី និងក្មេងស្រី។

ប្អូនៗជាសិស្សានុសិស្សបានឡើងប្តេជ្ញាចិត្ត បន្ដឆន្ទៈចូលរួមគ្រប់សកម្មភាពនានាដែលលើកស្ទួយសិទ្ធិក្មេងស្រី និងសមភាពយេនឌ័រប្រឆាំងរាល់អំពើហិង្សាគ្រប់ទម្រង់ដើម្បីបញ្ឈប់អំពើហិង្សាស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា។  ប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាភាពជាគំរូដល់កុមារី និងស្រ្តីវ័យក្មេងដទៃទៀតក្នុងសហគមន៍ ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ និងយុវជននៅក្នុងសហគមន៍៕