(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអះអាងថា ការវិភាគមុខងារតាមបណ្តាក្រសួងស្ថាប័ន មិនមែនជាវិធានការការវះកាត់នោះទេ គឺដើម្បីផលប្រយោជន៍រួម និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោន៍របស់មន្ត្រីរាជការ ដែលបានចែងដោយច្បាប់នោះទេ។

ការអះអាងយ៉ាងដូច្នេះរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល។

លោកបានគូសបញ្ចាក់ថា គោលបំណងនៃការវិភាគមុខងារ គឺការជាពិនិត្យទៅលើសុខភាពរបស់ក្រសួងស្ថាប័ន ដើម្បីទទួលបានប្រសិទ្ធភាព និងល្អប្រសើរជាងមុន ជាពិសេសការប្រើប្រាស់ចំណាយប្រកបដោយប្រសិទ្ធភាព។

ការវិភាគមុខងារពីក្រសួងមួយទៅក្រសួងមួយមិនខុសគ្នានោះទេ ព្រោះបើសិនជានិយមន័យនៃការវិភាគមុខងារ ពីក្រសួងមួយទៅមួយក្រសួងខុសគ្នាទាំងអស់ នោះគឺមិនអាចធ្វើដំណើរស្របគ្នាក្នុងគោលដៅ និងទិសដៅតែមួយបានទេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការកែរទម្រង់តាំងពីអាណាត្តិមុនៗ មកដល់បច្ចុប្បន្ន គឺមិនដែលមានការកែទម្រង់ណា ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ របស់មន្រ្តីរាជការស៉ីវិល ដែលជាសិទ្ធិទទួលបានចែងក្នុងក្នុងក្របខ័ណ្ឌច្បាប់ផ្សេងៗនោះទេ អីចឹងអាណាត្តិទី៧ ក៏ដូចគ្នាដែរ យើងមិនធ្វើឲ្យបាត់បង់សិទ្ធិរបស់មន្ត្រីរាជការនោះទេ ជាពិសេសសិទ្ធិដែលគាត់ទទួលបានដោយច្បាប់។ យើងត្រូវតែជម្រះពីដើមទី បើមិនអីចឹងទេ អាចនិយាយបានថា មិនឃើញផលប្រយោជន៍ មិនឃើញឱកាស ដើម្បីយើងចូលរួមទាំងអស់គ្នា នាំទៅដល់ទំនើបកម្ម តែផ្ទុយទៅវិញទៅជាធ្វើឲ្យមន្ត្រីរបស់យើងមួយចំនួនព្រួយបារម្ភ តែព្រួយបារម្ភ តើគាត់អាចចូលរួមជាមួយយើងអស់ពីចិត្តពីថ្លើម ក្នុងការកែទម្រង់បានទេ»

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ក្រសួងមុខងារសាធារណៈ មិនមានតួនាទីវិភាគមុខងារ ទៅលើក្រសួងណាមួយនោះទេ ក្រសួងសាម៉ីត្រូវមានម្ចាស់ការ និងបុរេសកម្ម ដោយខ្លួនឯង ប៉ុន្តែត្រូវស្របទៅតាមអភិក្រម ដែលមានស្រាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលក្រសួងអប់រំយុវជន និងកីឡា បានធ្វើការវិភាគមុខងាររបស់ខ្លួនតាំងពីឆ្នាំ២០២០ម្ល៉េះ៕