(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតលោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក Park Jung-Wook និងសហការី ដែលបានអញ្ជើញចូលជួបសម្តែង ការគួរសម និងមានក្តីសោមនស្ស ដែលបានទទួលជួបលោក និងក៏សូមចូលរួមអបអរ លោកដែលកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា ក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ ប្រចាំនៅកម្ពុជានាពេលនេះ។

ក្នុងនោះដែរ លោកអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនាក់ទំនង ការទូតរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ដោយបាននាំមក នូវសមិទ្ធផលជាច្រើន ដែលបម្រើដល់ការអភិវឌ្ឍរីកចម្រើន នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Park Jung-Wook បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លោកអភិសន្តិបណ្ឌិត លើទំនាក់ទំនង ដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។

លោក Park Jung-Wook បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ក្នុងការពង្រឹង និងការការពារនឹងការឆបោកក្នុងរូបភាពផ្សេងៗ ដែលនេះជាបញ្ហាប្រឈម ធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើទៅភាគីកូរ៉េ តាមរយៈលោក Park Jung-Wook ក្នុងការបន្តជួយ ឧបត្ថម្ភគាំទ្រ ក្នុងការជួយបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលមន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែម នូវគុណភាពធនធាន មនុស្សរបស់ ក្រសួងមហាផ្ទៃកម្ពុជា។

លោកអភិសន្តិបណ្ឌិត ស សុខា សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មរបស់ លោកមកកម្ពុជា នៅពេលនេះ ហើយសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មនេះ កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕