(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអំពាវនាវដល់បណ្ដាក្រសួងស្ថាប័នទាំងអស់ ត្រូវបន្ដបុរេសកម្មលើការងារពង្រឹងរចនាសម្ព័ន្ធ ទាំងក្របខ័ណ្ឌមន្ដ្រី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង។

ការលើកឡើងនេះធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈការរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចសំខាន់ ក្នុងពេលដែលក្រសួងសាមីមានភាពម្ចាស់ការ និងបុរេសកម្ម តែត្រូវទៅតាមអភិក្រមមួយ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំជាប្រចាំ គឺពង្រឹងជាជាងពង្រីករចនាសម្ព័ន្ធ ទាំងក្របខ័ណ្ឌមន្រ្តី ទាំងការរៀបចំផ្ទះឲ្យរៀបរយ»

បើតាមការឲ្យដឹងរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ក្រសួងមុខងារសាធារណៈ បានផ្ដល់ជាការគាំទ្របច្ចេកទេស ទៅដល់ក្រសួងសាមីខ្លួនឯង ដែលត្រូវម្ចាស់ការ និងបុរេសកម្មនូវការអនុវត្តការវិភាគមុខងារផ្ទាល់ខ្លួន ក្រសួងមុខងារសាធារណៈក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិភាក្សា ផ្ដល់យោបល់ ជាមួយក្រសួងសាមីទាំងអស់ ដើម្បីឲ្យបណ្ដាក្រសួងនីមួយៗ ឈានទៅដល់ការសម្រេចគោលដៅរួមជំហ៊ានទី១ផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា កន្លងមក នៅតាមបណ្ដាក្រសួងមួយចំនួន ធ្លាប់បានស្នើសុំឲ្យមានការជ្រើសរើសមន្រ្តីបន្ថែម ដើម្បីបំពេញតួនាទីភារកិច្ច ប៉ុន្តែចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ និងការវិភាគមុខងារត្រូវផ្សាភ្ជាប់ទៅនឹងសុខភាពរបស់ខ្លួន ជាមួយគ្នានេះ គឺមិនមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធនោះទេ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្រ្តី នៅក្នុងអាណត្តិថ្មីកន្លងមកសុទ្ធតែជាក្របខ័ណ្ឌ ដែលបានអនុញ្ញាតតាំងពីឆ្នាំ ២០២៣មក ចំពោះលក្ខណ្ឌជ្រើសរើសមន្រ្តីថ្មី នៅក្នុងឆ្នាំ២០២៤ និង២០២៥ គឺមិនទាន់មាននោះទេ៕