(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ នៅស្រុករវៀង ក្រោមវត្តមានលោកស្រី កូយ ប៊ុនថាន សមាជិកក្រុម ប្រឹក្សាខេត្ត និងលោក អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាឱកាសនោះ លោកស្រី កូយ ប៊ុនថាន បានថ្លែងលើកឡើងថា វេទិកានាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានខិតខំកសាងនាពេលកន្លងមក និងជម្រាបជូនអំពីតួនាទី របស់គណៈអភិបាលខេត្ត និងតួនាទីរបស់ក្រុមប្រឹក្សាខេត្ត ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប។
បន្ថែមពីនេះវេទិកានេះ បានផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់ តម្រូវការ សំណូមពរដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអរសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍តាមមូលដ្ឋាន ដើម្បើឆ្លើយតបទៅនឹងគោលការណ៍ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក អ៊ុក គឹមសាន បានថ្លែងជម្រាបជូនអំពីរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យចាប់ តាំងពីទីប្រជុំជន ក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនេះ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់សេវាសាធារណៈ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។
លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងលើកឡើងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនៅបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធិភាព។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅស្រុករវៀង នាពេលនេះ ក៏មានការចូលរួមលើកឡើង អំពីបញ្ហាសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ ដូចជា៖បញ្ហទំនាស់ដីធ្លី បញ្ហាដីហុយតាមផ្លូវ បញ្ហាទីលានចាក់សំរាម បញ្ហាបណ្ណក្រីក្រ ក៏ដូចជាបញ្ហាស្នើរសុំសំលៀកបំពាក់ប្រជាការពារតាមឃុំ។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឡើងស្រាយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗក្នុងអង្គវេទិការ រួមមានបញ្ហាទំនាស់ដីធ្លី បញ្ហាទីលានចាក់សំរាម បញ្ហាដីហុយ ដើម្បីឱ្យប្រជាពលរដ្ឋលោកអស់ចំងល់។ ដោយឡែកចំពោះសំណូមពររបស់ប្រជាការពារពាក់ព័ន្ធ និងបញ្ហាសំលៀកបំពាក់ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ សន្យារៀបចំប្រគល់ជូនតាមឃុំនីមួយៗនៅពេលក្រោយ ហើយបញ្ហាមួយចំនួនទៀត ដែលនៅសេសសល់ និងយកទៅធ្វើការប្រជុំពិភាក្សា ដោះស្រាយនៅពេលក្រោយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោលឡើយ៕