(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជួយសង្គ្រោះ ដល់កុមារកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សំណាង និងក្រុមគ្រួសារ បានផ្តល់ជំនួយជាលើកទី៣ ដោយបាននាំយកថវិកាចំនួន២ម៉ឺនដុល្លារ និងភេសជ្ជៈប៉ូការីស្វេត ឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ។

លោក សុខ សំណាង តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានសកម្មភាពចូលរួមឧបត្ថម្ភ តាមរយៈរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា, ការទិញវ៉ាក់សាំង និងសកម្មភាពកាកបាទក្រហមកម្ពុជាជាដើម។

ថ្លែងក្នុងពិធីសំណេះសំណាល លោក សុខ សំណាង សង្ឃឹមថា សកម្មភាពមនុស្សធម៌នេះ នឹងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះ ដល់កុមារកម្ពុជា ដែលបានមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ហើយលោកក៏បានបង្ហាញការតាំងចិត្ត និងព្យាយាម ក្នុងការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យបានជារៀងរាល់ឆ្នាំ។

មន្ទីរពេទ្យគន្ធបុប្ផា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក សុខ សំណាង និងក្រុមគ្រួសារ ហើយក៏បានបង្ហាញអំពីការកោតសរសើរ ចំពោះទឹកចិត្ត និងទំនួលខុសត្រូវសង្គមរបស់រូបលោកផងដែរ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្ត ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផា​ គឺជាមន្ទីរពេទ្យតែមួយគត់ ដែលទទួលយកការពិគ្រោះ​ ពិនិត្យ​ និងព្យាបាលជំងឺ ដល់កុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ​ ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព​។

សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនគិតថ្លៃ ដែលប្រកបដោយការ យកចិត្តទុកដាក់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត៕