(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ ហើយនៅខែក្រោយនេះ សម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការងារវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៩។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខែក្រោយខ្ញុំត្រូវទៅប្រកាសខេត្តកំពង់ចាម ដែលជាខេត្តមុនគេបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដី។ កាលមុនយើងមានសង្គ្រាម ខ្ញុំដើរប្រកាសខេត្តអស់មីន បានចំនួន១៥ខេត្ត ឥលូវយើងចាប់ផ្ដើមចុះប្រកាសខេត្តដែលបានចុះបញ្ជីវាស់វែងក្បាលដីហើយ ត្រូវជំរុញចាប់ពីខេត្តកំពង់ចាមមុនគេ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ការដែលរាជរដ្ឋាភិបាលបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដីនៅទូទាំងប្រទេស ប្រៀបដូចជាការពន្លត់ភ្លើង នៃទំនាស់បញ្ហាដីធ្លី ពោលរាជរដ្ឋាភិបាលមិនត្រូវអង្គុយបក់ផ្សែងលើបញ្ហាទំនាស់ដីធ្លីនេះទៀតហើយ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានលឿនតាមផែនការដែលបានគ្រោងទុក។ ដោយឡែក ចំពោះរាជធានី-ខេត្ត ដែលទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យហើយនោះ ត្រូវតែពន្លឿនក្នុងការប្រគល់ជូនប្រជាពលរដ្ឋ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទម្លាក់ទៅដល់ ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានប័ណ្ណនេះគ្រប់គ្រងដោយផ្ទាល់។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ប្រសិនបើការងារសម្រេចទៅបានដូចផែនការដែលគ្រោងទុក ពោលនៅឆ្នាំ២០២៩ គឺចំខួប៤០ឆ្នាំ នៃការប្រកាសផ្ដល់កម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋ ដែលបានដាក់ចេញដំបូងដោយសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៨៩។

សម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល២១ឆ្នាំ សម្រេចបានការប្រកាសតំបន់វិនិច្ឆ័យបាន ៩៤៦ភូមិ/៩៤៦ភូមិ លើ១០៩ឃុំ-សង្កាត់ ត្រូវជា១០ក្រុង-ស្រុក, ប្រមូលទិន្នន័យ និងវាស់វែងបាន៩១,៧៧៩៥ក្បាលដី លើចំនួនក្បាលដីដែលប៉ាន់ប្រមាណមាន ទូទាំងខេត្តកំពង់ចាមប្រមាណ ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង៩៩ភាគរយ (ត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤)។

លោកបន្ដថា ចំពោះបិទផ្សាយជាសាធារណៈចំនួន៩១៧,៧៩៥ក្បាលដី លើចំនួនក្បាលដីដែលបានវាស់វែងនិងវិនិច្ឆ័យ រួចទូទាំងខេត្តកំពង់ចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយស្មើនឹង១០០ភាគរយ។ ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥,៤៩៨ក្បាលដី លើចំនួនក្បាលដីដែលបានបិទ ផ្សាយរួចទូទាំងខេត្តកំពងចាម៩១៧,៧៩៥ក្បាលដី គិតជាភាគរយ ត្រូវជា៩៨ភាគរយ និងបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងក្រុង-ស្រុកទាំង១០របស់ខេត្តកំពង់ចាម ជាស្ថាពរ។

សូមជម្រាបថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការចុះបញ្ជីដីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់ នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា ភូមិឋានក្សេមក្សាន្ត។ កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណ៧លានប័ណ្ណ។

ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួន៣លានក្បាលដី និងចេញប័ណ្ណចំនួន៥៩ម៉ឺនប័ណ្ណ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១,៥លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការវាស់វែងបញ្ចប់នេះ អនុញ្ញាតឲ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ក្រសួងកំពុងដំណើរការវាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសហមូហភាព ក្នុងនោះក៏មានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ។ ក្នុងចំណោមវិវាទដីធ្លីចំនួន១៥,៦៩០ករណី ក្រសួងបានសម្របសម្រួលដោះស្រាយបាន១៤,៩១៩ករណី គឺនៅសល់តែ១,០៤១ករណីប៉ុណ្ណោះ។ ការដោះស្រាយធ្វើឡើងតាមរយៈ គណៈកម្មការសុរិយោដីថ្នាក់ជាតិ, អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, ការប្រើប្រាស់មន្ត្រីក្រសួង និងមេធាវីស្ម័គ្រចិត្ត និងសហការជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា៕