(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ក្នុងជម្លោះបុរីចំនួន៩៩គម្រោង រវាងបុរីនិងអតិថិជន ដោះស្រាយបាន៥៣គម្រោង។

សម្ដេចបវរធិបតី ថ្លែងបែបនេះ​នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រមុខនៃរាជរដ្ឋាភិបាល មានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងបានថា បុរី៩៩ យើងដោះបាន៥៣នេះ ទោះបីជាមិនមានការស្រែក ការប្រកាសផ្សេងៗ ប៉ុន្តែយើងបានទប់សភាពការណាស់»

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា មិនមាននរណាម្នាក់មានចេតនាបោកប្រាស់នរណានោះទេ ប៉ុន្តែបញ្ហានៅតាមបុរីកើតឡើង​ដោយ​សារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ចមុនកូវីដ១៩ ដូច្នេះទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាជនរងគ្រោះ។

សម្ដេចបន្តថា៖ កន្លងមកមានអ្នកសំណូមពរឲ្យចាប់អ្នកនេះ អ្នកនោះ ប៉ុន្តែសម្ដេចបានតបថា បញ្ហានេះបើធ្វើមិនស្រួលទៅជារឿងនយោបាយ ​ពិបាកដោះស្រាយ ព្រោះមានអ្នកចាំដុត វិទ្យុមួយចំនួនចាំតែដុតទេ យ៉ាងណាមិញវាអាចបង្កើតទៅជារឿងច្រួលច្របល់ ​ដោយសារបុរីខុសគ្នា ដោះស្រាយមិនស្រួលប៉ះពាល់ទៅលើបុរីផ្សេងទៀត។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅកាន់ លោក លោកស្រី ភាគីពាក់ព័ន្ធ ម្ចាស់បុរី និងអតិថិជន ដែលបានចូលរួមសហការដោះស្រាយបញ្ហាបុរីនេះ។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានបង្ហាញពីគោលដៅដែលត្រូវដោះស្រាយរួមមាន ទី១) ដោះស្រាយវិវាទ និង ទី២) ធានាការរស់រានក្នុងវិស័យអចលនទ្រព្យ ទាំងអស់នេះគឺជា គោលដៅធំដែលត្រូវធ្វើយ៉ាងណាដោះស្រាយកុំឲ្យមានបញ្ហាច្របូលច្របល់។

យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចំពោះបញ្ហាវិវាទរវាងបុរីនិងអតិថិជន ក្រសួងបាននឹងកំពុងរកដំណោះស្រាយសមស្របចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារនិងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣ គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់៕