(ចិន)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមសន្និសីទ អ៊ីនធឺណិតពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចាប់យកអនាគតឌីជីថលដែលផ្តោតទៅលើធនធានមនុស្ស ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការកសាងសហគមន៍រួមគ្នានៅក្នុងលំហសាយប័រ» នៅទីក្រុង Wuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតំណាងចូលរួមមកពី១៣០ប្រទេស។
សន្និសីទនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ លើបច្ចេកវិទ្យាឌីជីថល ដែលផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដើម្បីនឹងគាំទ្រទៅដល់ការអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយកំណត់ធនធានមនុស្សជាអាទិភាព ក្នុងការកសាងសហគមន៍លំហសាយប័រ (Cyberspace Community) ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងធានានូវអនាគតឌីជីថលប្រកបដោយសុវត្ថិភាព សមធម៌ និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ ត្រូវបានអញ្ជើញចូលរួម ក្នុងការផ្តល់បទអន្តរាគមន៍ ដោយបានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការដាក់ចេញនូវកម្មវិធី និងគោលនយោបាយជាតិសំខាន់ៗ ជាអាទិ៍ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
បន្ថែមលើនេះ ការរៀបចំយន្តការរបស់ប្រទេសកម្ពុជានៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការពង្រឹងសន្តិសុខសាយប័រក្នុងប្រទេស បាននិងកំពុងរួមចំណែកពង្រឹងនិងពង្រីកដល់ការអភិវឌ្ឍទាំងក្នុងតំបន់ និងការរីកចម្រើននៃឧស្សាហកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា។
លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ បានបង្ហាញអំពីសារៈសំខាន់ នៃការសហការគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីចែករំលែកព័ត៌មាន ជំនាញ និងបទពិសោធ ដែលជាគន្លឹះក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយបទល្មើសបច្ចេកវិទ្យាឆ្លងដែន ក៏ដូចជាការពង្រឹងសមត្ថភាព ក្នុងការធ្វើអភិបាលកិច្ចទៅលើការប្រើប្រាស់អ៊ីនធឺណិត ឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព ប្រកបដោយការគោរពដែនអធិបតេយ្យដែនលំហរសាយប័រនៃប្រទេសនីមួយៗ។
បណ្តាញឌីជីថលដែលមានទំនុកចិត្តនេះ ក៏នឹងក្លាយជាស្ពានការផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវចក្ខុវិស័យរួម ក្នុងតំបន់ និង អន្តរជាតិ៕