(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ការកែសម្រួលដីនៅតំបន់ជុំវិញបឹងទន្លេសាប ជាពិសេសតំបន់៣ មកជាតំបន់២ តទៅទៀត ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប សម្រាប់ប្រជាជនកម្ពុជាទាំងអស់។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ថ្ងៃមុន ឯកឧត្តម សាយ សំអាល់ បានរាយការណ៍ហើយ គឺយើងបញ្ចប់ការបោះបង្គោល ហើយខ្ញុំបានប្រាប់ហើយ គ្មានការកំណត់ ឬកែសម្រួលព្រំដីទៀតទេ យើងធ្លាប់កែពីតំបន់២មកតំបន់១ ហើយកែពីតំបន់៣មកតំបន់២ ហើយថ្មីៗនេះ យើងកែរាប់ម៉ឺនហិកតាទៀតដើម្បីឱ្យប្រជាជនមានសិទ្ធិពីតំបន់៣មកតំបន់២ យើងកែសឹងតែអស់ទៅហើយ»។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅតំបន់ជុំវិញបឹងទន្លេសាប បានធ្វើឡើងតាំងពីឆ្នាំ២០២២ ដើម្បីផ្តល់ជូនទៅពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ។ បើតាមសម្តេចមហាបវរធិបតី, ការកែសម្រួលដីពីតំបន់៣មកជាតំបន់២នេះ មានរហូតដល់ជាង៨ម៉ឺនហិកតា ដើម្បីឱ្យប្រជាជនមានកម្មសិទ្ធិ ឬមានសិទ្ធិក្នុងការប្រើប្រាស់។
សម្តេចបានបន្តបញ្ជាក់ថា៖ «ត្រូវតែហ៊ានអារកាត់មួយដើម្បីផលប្រយោជន៍រួម ខ្ញុំសូមបញ្ជាក់ថា តំបន់៣គឺមិនមែនសម្រាប់ឯកឧត្តម សាយ សំអាល់ ឬសម្រាប់ខ្ញុំទេ ខ្ញុំអត់មានគោលដៅទៅធ្វើផ្ទះនៅហ្នឹងទេ អត់មានសម្រាប់មន្រ្តី ឬអាជ្ញាធរទន្លេសាប ធ្វើកម្មសិទ្ធិទេ គឺសម្រាប់ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រព័ន្ធជីវចម្រុះ ប្រព័ន្ធត្រីរបស់យើងនៅមានអនាគតវែងឆ្ងាយតទៅទៀត»។
សម្តេចក៏ជំរុញឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវដីនៅតំបន់ពីរ ដែលតំប់នេះពលរដ្ឋគ្មានសិទ្ធិលក់ដូរ និងយកធ្វើកម្មសិទ្ធិនោះទេ គ្រាន់តែមានសិទ្ធិប្រើប្រាស់ប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តទាំង៦ ជាអ្នកផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋអាស្រ័យផល។ សម្តេចបានបញ្ជាក់ថា នៅពេលដែលតំបន់ទាំងអស់ ត្រូវបានបោះបង្គោលព្រំរួចហើយ នឹងមិនមានការកែសម្រួលទៀតនោះទេ។
សម្តេចក៏ជំរុញឱ្យភាគីពាក់ព័ន្ធគិតគូអំពីជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញបឹងទន្លេសាបផងដែរ ដែលពួកគាត់អាចមានចំណូលផ្សេង ក្រៅពីការធ្វើកសិកម្ម។ សម្តេចក៏ជំរុញឱ្យសិក្សាបង្កើតតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋទាំងនោះផងដែរ។
ចំពោះការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឲ្យគង់វង្ស។ ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖
ក-ដីតំបន់៣៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ)
បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។
ខ-ដីតំបន់២៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ានស្មានប្រមាណ ២០ ម៉ឺនក្បាលដី។
គ-ដីតំបន់១៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បានវាស់វែងរួចចំនួន ៧៦ ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ានស្មានប្រមាណ ៨៦ ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ៕