(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំអាជ្ញាធរឱ្យពិនិត្យពីការធ្វើអាជីវកម្មធ្យូង ប្រយ័ត្នកន្ទេលធំ បន្លំដេក ការណែនាំរបស់សម្ដេចបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃមុនខាងគយ អនុញ្ញាតសូមគោលការណ៍ឱ្យនាំធ្យូងចេញ ធ្យូងធម្មជាតិដែលធ្វើពីដើមអាកាស្យា ធ្វើពីអីដែលដាំ។ សូមមើលឱ្យច្បាស់ក្រុមហ៊ុនធ្យូងហ្នឹង ប្រយ័ត្នកាប់ព្រៃ ធ្បូងកម្ពុជាសុទ្ធតែក្រញូងអត់ទេណា សូមមើលកន្លែងហ្នឹង។ ព័ត៌មានខ្ញុំឱ្យមើលនៅខេត្តកំពង់ស្ពឺដែរ ដល់ពេលធ្យូងត្រូវប៉ាន់ អស់ពីអាឈើដែលដាំទៅកាប់យកទាំងអាឈើប្រណិត ទៅទៀតអត់បានទេក្រុមហ៊ុនធ្យូង ដកអាជ្ញាប័ណ្ណហើយត្រូវទទួលពិន័យទៀត។ អីចឹងខ្ញុំសូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់គ្រងអ្នកនាំចេញធ្យូងជាមួយនឹងឈើ។ គ្រប់គ្រងឱ្យបាន អត់មានកន្ទេលធំ បន្លំដេកទេ»។
ថ្លែងនៅក្នុងពិធីបិទសន្និបាតនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារដ្ឋាពិបាលប្រឹងម្នាក់ឯងធ្វើមិនអស់ទេ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ហើយជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវប្រជាពលរដ្ឋកុំឱ្យកាប់ទន្ទ្រានយកដីរបស់រដ្ឋ បើខ្វះដីសូមដាក់ពាក្យស្នើសុំមកកាន់រដ្ឋាភិបាលបាន៕