(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ១០០លានដុល្លារ លើការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លី។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការងារនេះ នឹងអាចបញ្ចប់ការវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ នៅត្រឹមឆ្នាំ២០២៩ ដែលចំខួប៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជន លើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្ដើមឡើយ ដោយសម្ដេចតេជោ ហ៊ុន សែន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អាណត្ដិថ្មីនេះ យើងរៀបចំចំនួន៥,០០០នាក់ សម្រាប់ចុះធ្វើ (វាស់វែងកំណត់ព្រំដី) ហើយខ្ញុំសាញេថវិកា ដើម្បីបង្កើនកញ្ចប់ថវិកា សម្រាប់ចុះធ្វើការងារនេះ ហើយយើងគ្រោង១០០លានដុល្លារ ដើម្បីរុញចប់តែម្ដង»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបញ្ចប់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវតែវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។

បើតាមការបញ្ជាក់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល បានរៀបចំរយៈពេលវែង ក្នុងការដាក់ចេញជាគោលដៅ គឺត្រូវជំរុញការវាស់វែង ចុះបញ្ជីក្បាលដី និងចេញកម្មសិទ្ធិដីធ្លីឲ្យចប់ បើមិនអញ្ចឹងទេ គឺនៅតែឈ្លោះគ្នា ព្រោះអត់មានព្រំដីច្បាស់លាស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវាស់វែងកំណត់ព្រំដី និងចេញបណ្ណជូនប្រជាពលរដ្ឋ មិនត្រឹមបញ្ចប់ជម្លោះប៉ុណ្ណោះទេ តែក៏ក្លាយជាទ្រព្យរស់របស់ប្រជាពលរដ្ឋ និងជួយដល់ចរន្តសេដ្ឋកិច្ចផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ដីប្រមាណ១លានក្បាលដី ត្រូវបានវាស់វែង និងកំណត់រួចរាល់ នៅសល់រង្វង់១លានក្បាលដីទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបន្តចុះបញ្ជីដីធ្លីបង្ហើយនៅឆ្នាំ២០២៥ ទៅតាមផែនការរបស់ក្រសួង ព្រមទាំងបន្តដោះស្រាយវិវាទដីធ្លី និងបញ្ហាបុរីឱ្យនៅសល់ ក្នុងកម្រិតមួយជាអប្បបរមា ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន ឱ្យបន្តដាក់ទុនវិនិយោគ ឈានទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា និងពង្រឹងបានភាពធន់របស់កម្ពុជា។

បន្ថែមពីនោះទៀត គឺឈានទៅពង្រីកឧស្សាហកម្មថ្មីៗ, បង្កើនតម្លៃបន្ថែម និងកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងរក្សាបាននូវសុខដុមនីយកម្មសង្គម។ នេះជាការគូសបញ្ជាក់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើអភិបាលរាជធានី-ខេត្ត សូមចូលរួមឱ្យបានសកម្ម និងចាត់ចែងឱ្យមានប្រសិទ្ធភាព ក្នុងការចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕