(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកដែលមានបញ្ហាជាមួយគម្រោងបុរីនានា សូមបន្តអត់ធ្មត់ និងបន្តដោះស្រាយដោយសន្តិភាព ជាជាងការមិនព្រមចរចាដោះស្រាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាង។

ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

បញ្ហាវិវាទរវាងបុរី និងអតិថិជន ក្រសួងក្រសួងរៀបចំដែនដី បាន និងកំពុងរកដំណោះស្រាយសមស្រប ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោងនៅទូទាំងប្រទេស រួមមានបុរី ចំនួន២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូចំនួន ៤គម្រោង និងដីឡូតិ៍ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំអំពាវនាវបន្តក្នុងស្មារតីរកវិធីដោះស្រាយដោយសន្តិភាព នៅក្នុងបុរីអ្នកដែលរងផលប៉ះពាល់ សូមបន្តយោគយល់ និងព្យាយាមជួយដោះស្រាយ។ ដោះស្រាយនេះ មិនមែនធ្វើម្តងចប់ទេ យើងត្រូវធ្វើបន្តបន្ទាប់ ដោយបន្តដោះស្រាយជាមួយគ្នា ជាជាងការដើរអត់និយាយគ្នា អត់ចរចាគ្នា គឺយើងចប់ទាំងអស់គ្នា អីចឹងសូមបន្តចូលរួម ហើយរាជរដ្ឋាភិបាលនឹងបន្តមិនចោលប្រជាពលរដ្ឋទេ»

សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ថា បញ្ហានៅតាមបុរី កើតឡើង​ដោយ​សារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះដូចគ្នា ដូច្នេះការបន្តរួមគ្នាដោះស្រាយបញ្ហា គឺជាការចាំបាច់។

សម្តេចបន្ថែមថា ដើម្បីរក្សាវិស័យអចលនទ្រព្យ រដ្ឋត្រូវជួយអ្នកវិនិយោគ ដែលជាម្ចាស់បុរីដែលធ្វើពិតប្រាកដ មានឆន្ទះដោះស្រាយពិតប្រាកដ រកដំណោះស្រាយជូនអតិថិជនដែលជាប់បញ្ហា ចំពោះអ្នកដែលមិនទទួលខុសត្រូវ ត្រូវប្រឈមចំពោះច្បាប់៕