(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល១៥ខែកន្លងនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានដេកមើលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ គឺមានវិធានការជាហូរហែរ ប៉ុន្ដែគ្រាន់តែរឿងខ្លះ ចាប់វិធានការតែមិនធ្វើការផ្សព្វផ្សាយប៉ុណ្ណោះ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតីបានថ្លែងថា «ហេតុអ្វី១៥ខែមកនេះ ខ្ញុំមិនបាននិយាយច្រើនអំពីរឿងបុរី បើសួរត្រឡប់ថា នាយករដ្ឋមន្រ្ដីមិនអើពើឬយ៉ាងម៉េច? គឺមិនមែនទេ ឯកឧត្តម សាយ សំអាល បានរាយការណ៍ដល់ខ្ញុំជាប់ជាប្រចាំ កន្លែងខ្លះខ្ញុំត្រូវចារណ៍ឯកភាពបង្ខំទៅលើករណីខ្លះ ដើម្បីបញ្ចប់រឿង តែគ្រាន់តែយើងមិនចេញ ស.ជ.ណ ផ្សព្វផ្សាយតាមសារព័ត៌មាន ដើម្បីកុំឲ្យរឿងនេះស្ម័គ្រស្មាញ គោលដៅធំមិនមែនផ្សព្វផ្សាយរឿងកំពុងដោះស្រាយនោះទេ គោលដៅធំ គឺត្រូវរកយុត្តិធម៌ដោះស្រាយឲ្យបានលទ្ធផល ជូនជនរងគ្រោះឲ្យបាន»។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រឿងខ្លះយើងផ្សព្វផ្សាយ រឿងខ្លះក៏ស្ងាត់ ប៉ុន្ដែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត គឺថា រាជរដ្ឋាភិបាលមិនបានឃើញទុក្ខលំបាក របស់បងប្អូនប្រជាជនហើយនៅស្ងាត់នោះទេ រយៈពេល១៥ខែកន្លងមកនេះ យើងបានដោះស្រាយជាហូរហែរ។ គ្រាន់តែថា កិច្ចការងារខ្លះមិនមែនកតព្វកិច្ចរបស់យើង និងមិនមែនជាវិធីសាស្រ្ដល្អ ក្នុងការប្រកូកប្រកាសគ្រប់ពេលវេលា ធ្វើឲ្យរំខាន់ដល់ការដោះស្រាយ បង្កើនភាពលំបាកក្នុងការចរចារនោះទេ ព្រោះពេលខ្លះលំបាកណាស់ ក្នុងការដោះស្រាយរឿងមួយៗ។
សម្តេចមហាបវរធិបតីបានបន្ថែមថា ជាក់ស្ដែងថ្ងៃមុនយើងបានឲ្យដោះស្រាយរឿងដីមួយកន្លែង ជនរងគ្រោះអាង Facebook បានបង្ហោះថា ខ្លួនរងគ្រោះលុះដល់ពេលចុះស្រាវជ្រាវជាក់ស្ដែង ជនរងគ្រោះនោះអ្នកខុស ក្រុមការងារបានព្យាយាមដោះស្រាយជិតត្រូវហើយ ក្រោយមកគ្រាន់តែឃើញតំណាងនាយករដ្ឋមន្ដ្រី ឬមេធាវីសម្ដេចតេជោទៅក្បែរ អ្នកដែលខុសនេះគឺរឹងទទឹងតែម្ដង ពុំព្រមដោះស្រាយនោះទេ គឺចង់ឈ្នះ[.....]នេះជាការលំបាកមួយ។ ១៥ខែកន្លងមកនេះយើងបានដោះស្រាយរឿងជាច្រើន និងបន្ដដោះស្រាយទៅមុខទៀត និងបន្ដគោលការណ៍ដើម្បីដោះស្រាយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា យើងបានរករូបមន្ដ វិធីសាស្រ្ដឈ្នះ ឈ្នះ ដែលអាចធ្វើទៅបាន ដោះស្រាយក្នុងការលំបាក និងសង្ឃឹមថា ស្ថានភាព និងវិត្តន៍ទៅមុខល្អ រួមទាំងវិស័យអចលនទ្រព្យទាំងមូល៕