(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនអភិបាលរាជធានី ខេត្ត ត្រូវប្រញាប់រូតរះចែកបណ្ណដីធ្លីជូនប្រជាពលរដ្ឋ និងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់ និងពន្លឿនការចេញប័ណ្ណក្បាលដីជូនពលរដ្ឋឱ្យចប់នៅឆ្នាំ២០២៩ ខាងមុខ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបន្ថែមថវិកា ១០០លានដុល្លារ ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ។ ការជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ដើម្បីដោះស្រាយទំនាស់ដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និងកំណត់ព្រំដីសម្រាប់ឈានទៅពន្លត់ភ្លើង មិនមានភាពច្បាស់លាស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ចំពោះបញ្ហាវិវាទដីធ្លី រឿងនេះមិនមែនជារឿងថ្មីនោះទេ រឿងនេះវាបានកើតរ៉ាំរ៉ៃ តើយើងនៅរង់ចាំបញ្ហាបែបនេះ អង្គុយបក់ផ្សែង ១០០ឆ្នាំទៀត ឬទេ ដូចនេះយើងមិនត្រូវអង្គុយចាំបក់ផ្សែងទៀតឡើយ តែត្រូវពន្លត់ភ្លើងជាបន្ទាន់។ ត្រង់ចំណុចនេះ សម្តេចថា សង្កត់ធ្ងន់ថាបញ្ហាធំបំផុតនៃបញ្ហាវិវាទដីធ្លី គឺភាពមិនច្បាស់លាស់នៃព្រំប្រទល់នៃការគ្រប់គ្រង ដីអត់មានព្រំដែន អត់មានប្លង់ច្បាស់លាស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីបញ្ចប់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវតែវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។ ដោយត្រូវធ្វើការងារ២ ជាមួយគ្នា គឺទី១៖ ត្រូវដោះស្រាយបញ្ហាចំពោះមុខ និងទី២៖ កណត់យុទ្ធសាស្ត្រ ដោះស្រាយរយៈពេលវែង ដើម្បីពន្លត់ភ្លើង។ ខណៈវិវាទដីធ្លីមានជិត ១ម៉ឺន ៦ពាន់ករណី ដោះស្រាយនៅសល់ប្រមាណ ១ពាន់ករណី ហើយការដោះស្រាយបញ្ហាដីធ្លីឈរលើស្មារតីយោគយល់ និងដោយសន្តិវិធី ផ្អែកលើច្បាប់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានតាស់តឿនយ៉ាងដូច្នេះថា៖ «ហើយបណ្ណនេះ សូមឱ្យឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ សូមជួយពន្លឿននៃការប្រគល់បណ្ណជូនប្រជាពលរដ្ឋ ហើយបណ្ណខ្លះក្រសួងបានរៀបចំហើយទម្លាក់ទៅក្រសួង ស្ថាប័ន ទៅដល់រាជធានី ខេត្ត ហើយសុំបញ្ចូនឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋឆាប់បានបណ្ណនេះ ដើម្បីគ្រប់គ្រងផ្ទាល់ខ្លួនតែម្តង»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពន្លឿនការងារចុះវាស់វែង និងកំណត់ក្បាលដី ហើយប្រគល់បណ្ណកាន់កាប់ក្បាលដីជូនប្រជាពលរដ្ឋថា ជាការពន្លត់ភ្លើងនៃបញ្ហាដីធ្លី។ ការវាស់វែងកំណត់ព្រំដី និងចេញបណ្ណជូនប្រជាពលរដ្ឋមិនត្រឹមបញ្ចប់ជម្លោះប៉ុណ្ណោះទេ តែក៏ក្លាយជាទ្រព្យរស់របស់ប្រជាពលរដ្ឋ និងជួយដល់ចរន្តសេដ្ឋកិច្ចផងដែរ។ ខណៈដីប្រមាណ១លានក្បាលដីត្រូវបានវាស់វែង និងកំណត់រួចរាល់ នៅសល់រង្វង់១លានក្បាលដីទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា រយៈពេល១៥ ខែមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើការច្រើនលើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅដែលទាមទារឱ្យមានការដោះស្រាយដោយមានការប្រុងប្រយ័ត្នបំផុត។ សម្តេចបវរធិបតី ក៏បានអំពាវនាវដល់ពលរដ្ឋឱ្យជឿទុកចិត្ដមកលើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលមិនបានទុកចោលអំពីការលំបាករបស់ពលរដ្ឋនោះទេ៕