(ភ្នំពេញ)៖ គណៈប្រតិភូអន្ដរជាតិចំនួន៧៤រូប នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា (អ.វ.ត.ក.)។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃរបៀបវារៈក្នុងសម័យប្រជុំពេញអង្គ លើក ទី១១ នៃ សភា អន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP11) ដែលត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានី ភ្នំពេញ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្តីទីនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បាន ទទួល ស្វាគមន៍ និងបានធ្វើ បទបង្ហាញអំពីតួនាទីរបស់មជ្ឈមណ្ឌលក្នុងការលើកកម្ពស់ជំនាញផ្នែកច្បាប់ សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជនសម្រាប់ស្វែងយល់អំពីសារៈសំខាន់ផ្នែកច្បាប់ក្នុងតុលាការ និងដំណើរការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក.។ គណៈ ប្រតិភូមានការចាប់អារម្មណ៍ជាពិសេសចំពោះតួនាទីរបស់ អ.វ.ត.ក. ក្នុងការ ចងក្រងឯកសារ អំពីភាព ឃោរឃៅនៃរបប ខ្មែរក្រហម និងការរួមចំណែករបស់ខ្លួនក្នុងការ ប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ជាសកល។
លោក ក្រាញ់ តូនី បាននិយាយថា «យើងពិតជាមានកិត្តិយស និងសូមស្វាគមន៍ប្រតិភូ មកពីសភាអន្តរជាតិ សម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ដែលបានអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅថ្ងៃនេះ។ ដំណើរទស្សនកិច្ចនេះ សបញ្ជាក់ពី ការប្តេជ្ញា ចិត្តរួមគ្នា ចំពោះយុត្តិធម៌ ការផ្សះផ្សា និងការថែរក្សាប្រវត្តិសាស្ត្រ។ តាមរយៈ ការចូលរួមស្វែងយល់អំពីការងាររបស់ អ.វ.ត.ក. នេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ច សហប្រតិបត្តិការ ជាសកលក្នុងការ ធានាបាននូវការ ទទួលខុសត្រូវ ចំពោះ អំពើឃោរឃៅ និងការការពារការរំលោភសិទ្ធិមនុស្សនាពេលអនាគត។ តាមរយៈភាពជាដៃគូអន្តរជាតិ ដែលយើងបន្តពង្រឹង ការទទួលខុសត្រូវរួមរបស់យើងចំពោះសន្តិភាព និងការ ការពារ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សម្រាប់យើងទាំង អស់គ្នា»។
លើសពីនេះ ប្រតិភូទាំងអស់ក៏បានអញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីក្នុងបណ្ណ សារ រថយន្ដក្រុង អ.វ.ត.ក. ចល័ត ឯកសារផ្សព្វផ្សាយរបស់ អ.វ.ត.ក. និងយល់ដឹងពីរបៀបចូលទៅពិនិត្យមើលឯកសារឌីជីថលជាង ២.៤លានទំព័រ ក្នុងបណ្ណសារឌីជីថលរបស់ អ.វ.ត.ក. ផងដែរ។
ប្រតិភូអន្ដរជាតិ IPTP បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អ.វ.ត.ក. ក្នុងការ ធា នា នូវ ការ ទទួល ខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម ហើយបានសន្យាបន្តធ្វើការ ជាមួយសហគមន៍ អន្តរជាតិដើម្បីទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតឡើងម្តងទៀត៕