(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អភិបាលខេត្តកំពង់ធំ ស្នើសុំបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី ហើយសម្ដេចក៏បានឯកភាព ដើម្បីបង្កើតប្រភពចំណូលថ្មីដល់ប្រជាពលរដ្ឋ ដែលរស់នៅលើដីតំបន់៣។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា៖ «អភិបាលខេត្តកំពង់ធំ ស្នើសុំបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី ខ្ញុំឯកភាព ដីរបស់រដ្ឋយើងយកទៅបង្កើតទៅ មិនមែនបង្កើតឱ្យឯកជនទេ គឺនៅតែជាដីរបស់រដ្ឋដដែល, រដ្ឋចេញដី ឯកជនចេញគម្រោង ធ្វើរួមគ្នា បង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីនៅកំពង់ធំ បង្កើតប្រជាជនដែលនៅតំបន់៣ និងនៅតំបន់ក្បែរនោះ សម្រាកធ្វើស្រែ ហើយទៅធ្វើការនៅទីនោះ មានការងារដល់ទៅ១២ខែ»

សម្ដេចបវរធិបតី បានបន្តថា សម្ដេចនឹងជម្រុញគ្រប់ខេត្តទាំងអស់ សូមអភិបាលរាជធានី ខេត្តទាំងអស់ធ្វើកិច្ចការងារបែបនេះបន្ត ដើម្បីឱ្យយើងបានផលចំណេញគ្រប់កន្លែងទាំងអស់ មានដូចជាកន្លែងតំបន់ឧស្សាហកម្ម តំបន់កសិឧស្សាហកម្ម ក្នុងគោលបំណងប្រែក្លាយសេដ្ឋកិច្ចមុខមាត់ ដូច្នេះហើយការពឹងផ្អែកជីវភាពទៅលើតំបន់៣នោះក៏លែងមាន ថ្ងៃក្រោយយើងគ្រប់គ្រងបាន ដោយបង្កើតប្រភពចំណូលសម្រាប់ប្រជាជននៅទីនោះ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានស្នើឱ្យអ្នកដែលមានសិទ្ធធ្វើការនៅតំបន់២ សូមឱ្យគោរពក្រមប្រតិបត្តិ ព្រោះក្រោយពីកំណត់ព្រំដីនេះរួច ត្រូវកំណត់គោលការណ៍ លក្ខខណ្ឌនៃការប្រើប្រាស់ដី។ សម្ដេច បានបន្តថា ធ្វើកសិកម្មក៏ធ្វើចុះ ប៉ុន្តែត្រូវមានព្រំដែន កុំប្រើជីប្រភេទណាដែលអាចបំផ្លាញជីវៈចម្រុះ ឬបំផ្លាញដី ដែលត្រូវមានការចូលរួមទាំងអស់គ្នា។

ជាថ្មីម្ដងទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «យើងនឹងចេញគោលការណ៍នេះ ហើយយើងនឹងអនុវត្តឱ្យបានម៉ឺងម៉ាត់ យើងមិនខ្លាចក្នុងការអនុវត្តច្បាប់ក្នុងកិច្ចការនេះទេ ដែលកន្លងមកយើងបានអនុវត្តច្បាប់នេះ ហើយមានអ្នកត្រូវបានផ្តន្ទាទោសជាច្រើនហើយផងដែរ»