(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងមានការចូលរួមពីគណៈស្ថាបត្យករ និងគណៈវិស្វករ រៀបចំគោលការណ៍ស្ថាបត្យកម្ម នៅតំបន់រមណីយដ្ឋានអង្គរ ត្រូវរក្សាអត្តសញ្ញាណរបស់ខ្មែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូចនេះ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ទទឹមនឹងតម្រូវការប្រជាពលរដ្ឋរស់នៅ ខ្ញុំគិតថាតំបន់នេះ (តំបន់រមណីយដ្ឋានអង្គរ) គួរតែយើងរក្សានូវលក្ខណៈជាខ្មែរ​ សំណង់យើងត្រូវតែមាននៅទីនោះ ហើយបើចង់ធ្វើខុសពីខ្មែរ ទៅធ្វើនៅក្រៅតំបន់បេតិកភណ្ឌ ៤០០គីឡូម៉ែត្រការ៉េនឹងទៅ ទៅធ្វើនៅក្រុង ទោះធ្វើ ១០០ជាន់ក៏បានដែរ ទៅធ្វើនៅស្រុកក្រឡាញ់អីទៅ តែអា ៤០០គីឡូម៉ែត្រការ៉េនេះ គួរតែមានកំណត់កម្រិតដែរ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងមានការចូលរួមពីគណៈស្ថាបត្យករ និងគណៈវិស្វករ ដើម្បីផ្តល់នូវក្នុងការ​កំណត់នៃ​ទម្រង់ភូមិយើង ៥០ឆ្នាំទៅមុខទៀតនៅតំបន់អង្គរ គួរមានរូបភាពយ៉ាងណាឱ្យបានហើយសិនទៅ ហើយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា ជាតួរអង្គរមួយយ៉ាងសំខាន់សម្រាប់​កំណត់រចនាបថនេះឱ្យបាន ហើយជាពិសេសរូបខាងក្រៅ ចំណែកខាងធ្វើអីក៏ធ្វើចុះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅជុំវិញតំបន់រមណីយដ្ឋានអង្គរ គួរឱ្យកំណត់រូបភាពនៅខាងក្រៅដូចៗគ្នា ព្រោះយើងត្រូវធានាឱ្យបានថា ក្នុងរយៈពេល ៥០ឆ្នាំទៀត តំបន់នេះនៅតែជាខ្មែរ មិនមែនឱ្យដូចបរទេស មានផ្ទះ មានសណ្ឋាគារនៅជើងប្រាសាទនោះទេ, យើងមិនហាមការអភិវឌ្ឍ និងធ្វើទំទើបកម្មនោះទេ តែយ៉ាងណាតំបន់រមណីយដ្ឋានអង្គរ និងជាតំបន់បេតិកភណ្ឌរបស់ជាតិ គួរតែគ្រប់គ្រងវាឱ្យបាន នឹងមិនឱ្យក្លាយដូចជាតំបន់អឺរ៉ុបនៅក្នុងតំបន់តំបន់រមណីយដ្ឋានអង្គរនោះទេ បើយើងមានលក្ខណៈជាខ្មែរ ទំនើបកម្មក្នុងរចនាបថជាខ្មែរ គឺជាតម្លៃរបស់យើង។

គួរកត់សម្គាល់ថា រមណីយដ្ឋានអង្គរ មានទំហំផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា គ្របដណ្តប់លើទីតាំង ភូមិសាស្ត្រ ១១២ភូមិ ២១ឃុំ-សង្កាត់ និង០៥ក្រុង-ស្រុក នៃខេត្តសៀមរាប។ រីឯចំនួនមនុស្សរស់នៅក្នុងតំបន់នេះ នៅឆ្នាំ១៩៩៣ ប្រជាពលរដ្ឋមានប្រមាណតែ ២២,០០០នាក់ និងបន្តមានការកើនឡើងយ៉ាងច្រើនជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០២៤នេះផងដែរ៕