(កំពង់ឆ្នាំង)៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យវាយតម្លៃ និងប្រគល់-ទទួលវត្ថុសិល្បៈ ដោយមានកិច្ចសហការពីនគរបាលបេតិកភណ្ឌខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

វត្ថុសិល្បៈ មានចំនួន២ដុំ/បំណែក បានរកឃើញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចទីតាំងទួលក្រសាំង ស្ថិតក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់មក នៅព្រឹកថ្ងៃទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានបានដឹកមករក្សាទុកបណ្តោះអាសន្ន នៅសាលាឃុំព្រៃគ្រី រង់ចាំមន្រ្តីជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះមកពិនិត្យ។

វត្ថុសិល្បៈទាំង២ដុំ/បណែកនេះ មាន៖

* ១៖ បំណែកប្រអប់ជើងមានពន្លួញ ធ្វើពីថ្មភក់ មានកម្ពស់២៣.៤ស.ម ទទឹង១៨.៤ស.ម បណ្តោយ១៩.៤ស.ម មិនដឹងសម័យកាល
* ២៖ បល្ល័ង្ក ធ្វើពីថ្មភក់ មានកម្ពស់៥២ស.ម បណ្តោយ៧៦.៥ស.ម ទទឹង៦១ស.ម មិនដឹងសម័យកាល។

ក្រោយពីបានពិនិត្យវាយតម្លៃ និងប្រគល់-ទទួលចប់សព្វគ្រប់ វត្ថុសិល្បៈនេះបានដឹកយកមករក្សាទុកក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា តាមរយៈលោកអភិបាលស្រុក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤ រដ្ឋបាលឃុំបានដឹកនាំលោកមេភូមិតាកាន់ ប៉ុស្តិ៍រដ្ឋបាលឃុំ ចុះត្រួតពិនិត្យទីទួលក្រសាំង ដែលមានចេតិយ៍ពីបុរាណ។ ក្រោយសាកសួរអ្នកជុំវិញថា ចេតិយ៍នេះគឺរបស់ឯកជនឈ្មោះ ម៉ុល មឿន ជាប្តី និងឈ្មោះចេង អឿន ជាប្រពន្ធ។ ដោយឡែក ប្រអប់ជើងបុរាណក្រោយមានការធ្វើផ្លូវជុំវិញទួលគ្រឿងចក្រកាយ បានរកឃើញ។ លុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលឃុំបានដឹកយកមករក្សាទុកនៅសាលាឃុំ៕