(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីលក់គម្រោង «ផ្សារ ជីស៊ី អូរឫស្សី» ហើយ។

សេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអចលនវត្ថុពី ន.អ.ប. ដើម្បីលក់គម្រោង ផ្សារ ជីស៊ី អូរឫស្សី លើទីតាំងដីដែលពុំមានវិវាទស្ថិតក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បាន និងកំពុងពិនិត្យសំណុំឯកសារស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សម្រាប់គម្រោង ផ្សារ ជីស៊ី អូរឫស្សី ជូនក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដើម្បីប្រកបអាជីវកម្មស្របតាម លិខិតបទដ្ឋានគតិយុត្តជាធរមាន៕