(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងសេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការ ព្រមទាំង អគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ដែលបានខិតខំស្វិតស្វាញរៀបចំសេចក្តីព្រាងទាំង ២ខាងលើនេះ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា ឯកសារទាំង២នេះ គឺជាមគ្គុទ្ទេសក៍បង្ហាញផ្លូវសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការបំពេញការងារប្រកបដោយសមត្ថភាព, គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ដោយឡែកចំពោះផែនការយុទ្ធសាស្រ្ត ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋាន សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំផងដែរ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ (KPI)។ រីឯផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនឹងជួយជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងការបំពេញមុខងារស្នូល ដូចជាការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី, ការងារបណ្ណសារ និងរាជកិច្ច ក៏ដូចជាការរៀបចំប្រព័ន្ធការងារ និងការលំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ មានគោលបំណងបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានានិរន្តរភាពនៃការបំពេញបេសកកម្មទាំង៤ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្ត្រី កំណត់គោលដៅចំនួន៤ គឺ (១) កែទម្រង់រចនាសម្ព័ន្ធ និងមុខងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព (២) គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាព ភាពម្ចាស់ការការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ (៣) ពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងនិងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង(៤) ធ្វើបរិវត្តកម្មឌីជីថល។ ជារួមសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនេះត្រូវបានរំពឹងថានឹងសម្រេចផលធំៗជូនទីស្ដីការគណៈរដ្ឋមន្រ្តីរួមមាន៖ មានសមត្ថភាពខ្ពស់ក្នុងការសម្រេចឱ្យបានលទ្ធផលល្អប្រសើរលើការបំពេញបេសកកម្មរបស់ខ្លួន, មានមូលធនមនុស្សគ្រប់គ្រាន់ប្រកបដោយសមត្ថភាព ឆន្ទៈ ភាពស្វាហាប់ និងគណនេយ្យភាពខ្ពស់, មានប្រព័ន្ធអភិបាលកិច្ចល្អស្របទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងមានផែនការ និងយន្តការជំរុញការធ្វើបរិវត្តកម្មឌីជីថល។
សេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល និងមានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ និងមូលធនមនុស្សដើម្បីគាំទ្រដល់ការបំពេញមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងបង្កើតបរិយាកាសឌីជីថល ដែលមានអំណោយផលដល់ការលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍរាជរដ្ឋាភិបាល។
ដើម្បីសម្រេចគោលបំណងខាងលើសេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្ររួមមាន៖ (១). វាយតម្លៃសមត្ថភាព ភាពរួចរាល់ និងតម្រូវការឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី, (២). កសាងមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល, (៣). ចាប់យកបច្ចេកវិទ្យាឌីជីថល និងធ្វើសមាហរណកម្មមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងប្រព័ន្ធឌីជីថល (៤). ធានានិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងនវានុវត្តន៍ជាបន្តបន្ទាប់ និង(៥) ធ្វើបរិវត្តកម្មឌីជីថល។ ជារួមសេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះ ត្រូវបានរំពឹងថានឹងប្រែក្លាយទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័នទំនើប ដែលមានសមត្ថភាពឌីជីថលពេញលេញ ក្នុងការគាំទ្រដល់ការបំពេញមុខងារនានារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាពជាពិសេសគាំទ្រដល់ការបំពេញមុខងារ និងភារកិច្ចរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានរៀបចំសេចក្ដីព្រាងទាំងពីរនេះឡើង ប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ និងស្នើឱ្យក្រុមការងារបន្តផ្ដល់កិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ និងកែសម្រួលឯកសារទាំងពីរនេះតាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យឯកសារទាំងពីរនេះ ឱ្យកាន់តែមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ហើយអាចប្រកាសដាក់ឱ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៤នេះ៕