(កង់បេរ៉ា-អូស្ត្រាលី)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអូស្ត្រាលី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកបំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី។

ហើយនៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Jan Adams រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានរិះរកមធ្យោបាយដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ជាពិសេសក្រោយពីជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៊ែលបិន ប្រទេសអូស្ត្រាលី។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានចូលរួមពិភាក្សាតុមូល ដែលរៀបចំដោយលោកស្រី Michelle Chan ឧត្តមមន្ត្រីអូស្ត្រាលី ទទួលបន្ទុកកិច្ចការអាស៊ាន កិច្ចប្រជុំអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើននៃកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី រួមទាំងជំនួយរបស់អូស្ត្រាលីដល់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ព្រមទាំងរិះរកវិធីដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់អាស៊ាន និងអូស្ត្រាលី នៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ។

នៅរាជធានីកង់បេរ៉ា ដដែល អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Craig McLachlan ឧត្តមមន្ត្រីអូស្ត្រាលីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងការបរទេស និងពាណិជ្ជកម្ម។ ជំនួបនោះបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងការអនុវត្តច្បាប់របស់អាស៊ាន និងអូស្ត្រាលី ក៏ដូចជាការគាំទ្ររបស់អូស្ត្រាលី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺរណែត ផងដែរ។

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Elly Lawson អនុរដ្ឋលេខាធិការទទួលបន្ទុក ផែនការយុទ្ធសាស្ត្រ និងក្រុមសម្របសម្រួល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ក៏ដូចជា បញ្ហាភូមិសាស្ត្រយុទ្ធសាស្ត្រ ព្រមទាំង គំនិតផ្តួចផ្តើមនានា នៅក្រោមកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការទប់ស្កាត់ជម្លោះ និងការទូតសាធារណៈ។

លោកបណ្ឌិត កៅ គឹមហួន បានថ្លែងសន្ទរកថាគន្លឹះ ស្តីពី «ទំនាក់ទំនង ៥០ ឆ្នាំ អាស៊ាន-អូស្ត្រាលី៖ បច្ចុប្បន្ន និងនៅពេលអនាគត» នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលមានការគាំទ្រដោយមជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី។ នៅក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីវិធីដែលអាស៊ានអាចរក្សាបានសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ដែលបង្ករលក្ខណៈឱ្យខ្លួនមានវិបុលភាពផ្នែកសេដ្ឋកិច្ច។

លោកក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ឱ្យអាស៊ាន មានលក្ខណៈបុរេសកម្ម និងមានភាពធន់ទៅមុខ ជាពិសេស ជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រទាំង៤ ដែលនឹងត្រូវអនុម័តនៅឆ្នាំក្រោយ។ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូខាងក្រៅ រួមទាំង អូស្ត្រាលី ក្នុងការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ៕