(កំពង់ធំ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសន្ទុក។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលប្រចាំការនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជិត​៧​ ខែកន្លងទៅនេះ កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ការពារមិនឱ្យមានការកាប់ទន្រ្ទានព្រៃឈើជាថ្មី ដែលបានរកឃើញដោយជនល្មើសលួចចកាប់ទន្ទ្រាននាពេលកន្លងទៅ ដោយ​រក្សា​ការពារ​បានមិនឱ្យមានការបាត់បង់ទៅវិញ និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង បានមួយចំនួនបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ ជាមួយនោះដែរ កងកម្លាំងប្រដាប់អាវុធទាំងបី ដោយ​មាន​កងទ័ព​ជាស្នូលបានចូលរួមចំណែកក្នុងការដាំស្ដារព្រៃឈើឡើងវិញបានប្រមាណជាង ៥ម៉ឺនដើមផងដែរ។

លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះទាំងអស់ ដែលប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ដែលកំពុងធ្វើសកម្មភាពនៅក្នុងស្រុកសណ្ដាន់ចំនួន ៤គោលដៅ និងនៅក្នុងភូមិសាស្ត្រស្រុកសន្ទុកចំនួន២គោលដៅ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឱ្យបាននៅក្នុងរដូវប្រាំងនេះ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិបានជាដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទីបញ្ជាការស្រាលនីមួយៗ ត្រូវទទួលខុសត្រូវលើភូមិសាស្ត្រដែលបានប្រគល់ក្នុងករណីបទល្មើសមានការកើតឡើងក្នុងតំបន់ណាមួយ លោកប្រធាន និងអនុប្រធានទីបញ្ជាការស្រាលនោះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំខេត្ត​ បេីក្នុងករណីចាំបាច់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការយោគយល់លើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនទីបញ្ជាការស្រាលទាំង៦ នូវប្រេងឥន្ធនៈចំនួន ៧០០លីត្រ អង្ករចំនួន ៦០០គីឡូក្រាម មីជាតិចំនួន ២២​កេស ត្រីខចំនួន ៤កេសធំ និងភេសជ្ជៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ទ័ពជើងគោក​ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាព ក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យទទួលបានជោគជ័យថ្មីទៀត តាមបទបញ្ជារបស់សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕