(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិក្សា និងតេស្តសមត្ថភាពភាសាចិន សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងស្ទេបហ្វរវើដអន្តរជាតិ បានសហការរៀបចំពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ៖ «ទីក្រុង និងជនបទ ភាពរស់រវើកនៃបេតិ កភណ្ឌវប្បធម៌កម្ពុជា-ចិន»។
ពិព័រណ៍នេះ ធ្វើឡើងដោយមានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិន ភាសាបរទេសនៃក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឡើងនៅសាលាជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ដែលបានចូលរួមពីគណៈអធិបតី និងភ្ញៀវកិត្តិយស សិស្សានុសិស្ស ប្រមាណជា ១០០០នាក់។
លោក លោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងក្នុងកម្មវិធីពិព័រណ៌នេះថា ការអប់រំមិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ផ្លាស់ប្ដូរគំនិត និងការរីកចម្រើនរួមគ្នាបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មដ៏សម្បូរបែបរបស់ប្រទេសចិនដូចជាមហាកំពែងចិនដ៏អស្ចារ្យ និងរាជ្យវាំង GU GONG ដ៏ប្រណិតពួកវាផ្ទុកនូវប្រាជ្ញា និងការច្នៃប្រតិដ្ឋរបស់ប្រជាជនចិន។ សំណង់នានាដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារក្នុងប្រទេសកម្ពុជា ក៏បង្ហាញនូវភាពទាក់ទាញផ្នែកសិល្បៈប្លែកៗ និងបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃទឹកដីនេះ។
ព្រឹត្តិការណ៍ថ្ងៃនេះ បានបើកបង្អួចសម្រាប់និស្សិតកម្ពុជាឱ្យយល់ពីវប្បធម៌ចិន ពង្រីកការយល់ដឹងអន្តរជាតិរបស់ពួកគេ ហើយក៏បានបើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការអប់រំ និងការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនផងដែរ។ យើងទន្ទឹងរង់ចាំយកឱកាសនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការស៊ីជំរៅលើវិស័យវប្បធម៌ និងអប់រំរវាងប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការយោគយល់គ្នាបង្កើតឱកាសកាន់តែច្រើន និងបន្តសរសេរជំពូកដ៏រុងរឿងសម្រាប់មិត្តភាពរវាងកម្ពុជានិងចិន។
ជាមួយគ្នានេះកញ្ញា បណ្ឌិត វុធ សុភ័ក្រណា ប្រធានវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា កម្មវិធីពិព័រណ៌នេះបានរៀបចំឡើងក្នុងន័យដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរការអប់រំ វប្បធម៌ អរិយធម៌ រវាងប្រទេសយើងទាំងពីរ (កម្ពុជានិងចិន)។ ទន្ទឹមនឹងនេះផង ក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយក៏ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន។
លោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន បានថ្លែងថា ក្នុងឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរការអប់រំរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្មវិធីពិព័រណ៌រៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ ស្ថាបត្យកម្មខ្មែរ និងស្ថាបត្យកម្មចិន ដែលជាកេរមរតកដ៏អស្ចារ្យ និងសម្បូរបែបដែលមិនអាចកាត់ថ្លៃបានដែលបុព្វបុរសបានបន្សល់ទុក។
ពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ឆ្នាំ២០២៤ នឹងក្លាយជាឱកាសដើម្បីឱ្យសិស្ស-និស្សិតកម្ពុជា និងចិន បានផ្លាស់ប្តូរការស្វែងយល់អំពីវប្បធម៌ជាលក្ខណៈអន្តរជាតិ។ ក្នុងនោះកម្មវិធីនេះ ធ្វើឡើងមួយថ្ងៃពេញ នឹងមានការលេងកម្សាន្ត មានការតាំងបង្ហាញនូវស្ថាបត្យកម្មកម្ពុជានិងចិន ដែលធ្វើឱ្យកម្មវិធីនេះកាន់តែរស់រវើក៕