(ភ្នំពេញ)៖ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការរៀបចំសិក្ខាសាលាស្តីពី កាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ ដែលមានការអញ្ជើញជាគណៈអធិបតីពីថ្នាក់ដឹកនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធនាគារជាតិនៃកម្ពុជា តំណាងសមាគមធនាគារនៅកម្ពុជា តំណាងមូលនិធិជនពិការ និងតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ហើយមានការចូលរូមពីតំណាងគ្រឹះស្ថានធនាគារ និងតំណាងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សរុបចំនួនប្រមាណ៧០០នាក់។
សិក្ខាសាលាបានគូសបញ្ជាក់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- ជំរុញអោយគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់បន្តចូលរួមជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ អោយកាន់តែមានប្រសិទ្ធភាព
- គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រាប់អត្រាកំណត់នៃច្បាប់១%
- ផ្សព្វផ្សាយដល់បុគ្គលិកដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាពនៅតាម ឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា
- រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប
- ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀងៗខ្លួន៕