(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់កត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លោក Wang Jianghua អនុលេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងជាអនុប្រធាននៃគណៈត្រួតពិនិត្យកិច្ចការដ្ឋចិន ខេត្តយូណាន បានដឹកនាំសមាជិកប្រតិភូចំនួន ៥រូប មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើន និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរលើការងារប្រឆាំងអំពើពុករលួយ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តយូណាន បានអញ្ជើញទស្សនកិច្ចនៅ ACU និងជួបពិភាក្សាការងារជាមួយលោក យន់ ស៊ីណាត អនុប្រធាន អ.ប.ព. តំណាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង។
គណៈប្រតិភូ ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដែលនឹងចូលរួមកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងអបអរសាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ជួបសម្តែងការគួរសមជាមួយអភិបាលខេត្តសៀមរាប និងមន្ទីរអធិការកិច្ចខេត្តសៀមរាប ហើយនឹងទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ តាព្រហ្ម និងប្រាសាទនាគព័ន្ធ។
សូមរំឭកផងដែរថា គណៈប្រតិភូចិនខេត្តយូណានធ្លាប់អញ្ជើញមកទស្សនកិច្ចម្តងរួចមកហើយ ដឹកនាំដោយលោក Feng Zhili សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនីស្តចិន ខេត្តយូណាន លេខាធិការនៃគណៈអធិការកិច្ចវិ ន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងជាប្រធាននៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន និងសមាជិកប្រតិភូចំនួន ០៥រូបទៀត កាលពីថ្ងៃទី១២-១៥ ខែ មិថុនា ឆ្នាំ ២០២៤ផងដែរ៕