(ភ្នំពេញ)៖ លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ និងជាប្រធានលេខាធិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប បាននិងកំពុងសិក្សាអំពីការរៀបចំផែទេសចរណ៍ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឆ្នេរ សហគមន៍លំនៅឋាន និងសំណង់មិនរៀបរយ។
ការបញ្ជាក់បែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក បានមានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននិងរដ្ឋបាលមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់បាននិងកំពុងអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ «មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា» គោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលប្រកបដោយនវានុវត្តន៍ និងភាពប្រាកដនិយម ដោយបាននិងកំពុងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ឆ្នេរ និងបែងចែកផ្លែផ្កានៃការអភិវឌ្ឍ ប្រកបដោយសមធម៌ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោក សុំ មនោរម្យ ក៏បានបង្ហាញពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយបានពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប មានដូចខាងក្រោម៖
-ចែកបណ្ណបាន ៦៦១,៣៥៤បណ្ណ
-កសាងផែនការរៀបចំដែនដីថ្នាក់ខេត្តបាន ៣ (ព្រះសីហនុ កំពត កែប)
-កសាងប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ស្រុកបាន៥
-រៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់បាន ១៥
-បាននិងកំពុងជម្រុញការប្រែក្លាយដីសម្បទានសង្គមកិច្ចទៅជាបុរីជនបទ ដើម្បីរៀបចំកែលម្អភូមិឋាន និងសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង
-បាននិងកំពុងសិក្សាអំពីការរៀបចំផែទេសចរណ៍ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឆ្នេរ សហគមន៍លំនៅឋាន និងសំណង់មិនរៀបរយ។
ជាថ្មីម្ដងទៀត លោក ក៏ដូចជាក្រុមការងារនឹងបន្តជ្រោងទង់សាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងការជំរុញកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីធានាថាប្រជាពលរដ្ឋនៅមូលដ្ឋាន មានជីវភាពរស់នៅកាន់តែប្រសើរឡើង និងជំរុញចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនៃតំបន់ឆ្នេរ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ជារបៀងសេដ្ឋកិច្ចពិសេសពហុបំណងនិងប្រទាក់ក្រឡា៕