(ភ្នំពេញ)៖ វេទិកាភ្នំពេញ លើកទី៣ រៀបចំនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជបណ្ឌិតសភាកម្ពុជា ក្រោមប្រធានបទ «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងមានការវិវត្ត:បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ»

វេទិកានេះរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារបស់លោកបណ្ឌិត គិន ភា ដោយមានការចូលរួមលោក សុខ ឥសាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សាស្រ្តាចារ្យបណ្ឌិត ជាវាគ្មិនជាតិ និងអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។

វេទិកាភ្នំពេញ គឺជាយន្តការបណ្ឌិតសភាមួយ ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នាឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់វេទិកាដល់បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រ ដើម្បីចូលរួមពិភាក្សាស៊ីជម្រៅ និងប្រកបដោយអត្ថន័យអំពីសមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព និងទស្សនវិស័យនានាពាក់ព័ន្ធនឹងវិស័យនយោបាយ សន្តិសុខ ការទូត សេដ្ឋកិច្ច បរិស្ថាន និងសង្គមវប្បធម៌ក្នុងកម្រិតតំបន់ និងពិភពលោក។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រធានបទនៃវេទិកាភ្នំពេញឆ្នាំនេះ ពិតជាមានសារៈសំខាន់ និងបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា តំបន់ និងពិភពលោកដែលកំពុងមានទំនាក់ទំនងគ្នាប្រកបដោយភាពប្រទាក់ក្រឡានិងភាពអាស្រ័យគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។

លោកបណ្ឌិតបានបន្តថា វេទិកាភ្នំពេញលើកទី៣នេះ មានគោលបំណងសំខាន់បួនរួមមាន៖ ទី១៖ វិភាគលើជវភាពនៃបដិវត្តន៍ ពណ៌, ទី២៖ ស្វែងយល់ចំណុចប្រសព្វគ្នារវាងអធិបតេយ្យ និងនិយាមអន្តរជាតិ, ទី៣៖ វាយតម្លៃឥទ្ធិពលនៃភូមិសាស្ត្រនយោបាយទៅលើសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងកើតឡើង និងទី៤៖ ផ្ដល់គំនិតអំពីយុទ្ធសាស្រ្ត និងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។

ក្រៅពីកម្មវិធីបើក និងកម្មវិធីបិទ, វេទិកានេះនឹងចែកចេញជាបួនវគ្គ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបួន រួមមានទី១៖ ជីវភាពនៃបដិវត្តន៍ពណ៌និងអធិបតេយ្យរបស់រដ្ឋ, ទី២៖ ការសន្យានៃលទ្ធិប្រជាធិបតេយ្យ និងអន្ទាក់នៃបដិវត្តន៍ពណ៌ដោយផ្តោតលើ ករណីសិក្សា និងមេរៀនកន្លងមកនៅក្នុងតំបន់, ទី៣៖ ការប្រកួតប្រជែងអំណាចពិភពលោក ដែលក្នុងនោះ បដិវត្តន៍ពណ៌កំពុងក្លាយជាសមរភូមិដើម្បីដណ្ដើមឥទ្ធិពល និងទី៤៖ យុទ្ធសាស្រ្ត និងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។

វេទិកានេះ ក៏មានការទស្សនៈ និងគំនិតដ៏ភ្លឺស្វាងពីវាគ្មិនដ៏ចំណានៗមកពីក្នុងតំបន់និងក្រៅតំបន់ រួមមាន កម្ពុជា ចិន បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងរុស្ស៉ីផងដែរ។ លោកបណ្ឌិត គិន ភា បានបញ្ជាក់បន្ថែមថា ទស្សនៈ និងគំនិតភ្លឺស្វាងរបស់វាគ្មិនទាំងអស់នឹងជួយឱ្យយើងយល់ដឹងអំពីបាតុភូតនៃបដិវត្តន៍ពណ៌ និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត ព្រមទាំងស្វែងយល់ពីយុទ្ធសាស្រ្ត ដើម្បីធានាថា អធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យមិនអាចផ្តាច់ពីគ្នាបាន ប៉ុន្តែ បំពេញឱ្យគ្នាទៅវិញទៅមក។

លោកមានជំនឿយ៉ាងមុតមាំថា វេទិកានេះនឹងមិនត្រឹមតែធ្វើឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមដែលយើងមាននៅក្នុងដៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះផងដែរ។ ទស្សនទាន និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ដែលខ្ញុំបាទបានលើកឡើងខាងលើ នឹងក្លាយជាត្រីវិស័យ និងក្របខ័ណ្ឌទ្រឹស្តីដ៏ សំខាន់សម្រាប់ឱ្យការពិភាក្សាលើប្រធានបទគោលទាំង៤ ខាងលើកាន់តែស៊ីជម្រៅ។

លោកក៏មានជំនឿយ៉ាងមុតមាំផងដែរថា វេទិកាថ្ងៃនេះនឹងប្រព្រឹត្តទៅបានល្អប្រសើរលើសពីការរំពឹងទុក។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តរៀបចំវេទិកាភ្នំពេញនេះជាបន្តបន្ទាប់ទៀត ដោយលើកយកប្រធានបទល្អៗដែលឆ្លើយតបទៅនឹងស្ថានការណ៍និងតម្រូវការតំបន់ និងសាកលលោក មកពិភាក្សាបន្តទៀត៕