(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះះ គណៈកម្មការដឹកនាំ និងរៀបចំ អនុគណៈកម្មការនានា នៃសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ សិល្បៈករ សិល្បៈការនី និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈកម្មការដឹកនាំ និងរៀបចំ អនុគណៈកម្មការនានា នៃសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ សិល្បៈករ សិល្បៈការនី និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវ សុវត្ថិភាព បង្កលក្ខណៈដល់ការរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់គួរជាទីមោទនៈ»។
ការសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ គឺជាសមិទ្ធផលដ៏លេចធ្លោថ្មីមួយគួរឱ្យកោតស្ញប់ស្ញែង ដែលនាំមកនូវមោទនភាព កិត្តិយស និងកិត្យានុភាព សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជាតិ មាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។ យើងបានទទួលគណៈប្រតិភូអន្តរជាតិជិត ៣០០នាក់ មកពី ៥៣ប្រទេស ជុំវិញពិភពលោក ដោយទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសទាំងនោះពីការរក្សាការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ។
ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចការងារខាងលើ។ ការសហការដ៏ថ្លៃថ្លានេះគឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការលើកតម្កើងកិត្តិយស និងកិត្យានុភាពជូនដល់ ជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ គ្រប់ប្រការជូនចំពោះ គណៈកម្មការដឹកនាំ និងរៀបចំ អនុគណៈកម្មការនានា នៃសម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ សិល្បៈករ សិល្បៈការនី និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕