(ភ្នំពេញ)៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលនៃការដោះស្រាយវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មានភាពល្អប្រសើរច្រើនព្រោះអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវ «វិធានការជាកញ្ចប់» របស់រាជរដ្ឋាភិបាល។

ការបញ្ជាក់បែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយនៃតំបន់ឆ្នេរដែលមានសក្ដានុពលពិសេស កំពុងត្រូវបានពូនជ្រំប្រែក្លាយទៅជារបៀងសេដ្ឋកិច្ច និងទេសចរណ៏ដ៏សំខាន់ ដែលអាចទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធានាអោយបាននូវការអភិវឌ្ឃប្រកបដោយចីរភាព។

សូមគូសបញ្ជាក់ថា ចាប់ពីចុងឆ្នាំ២០១៩មក ដោយសារមានបញ្ហាប្រឈមធំៗដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិសេដ្ឋកិច្ច និងភាពតានតឹងផ្នែកនយោបាយពិភពលោក បានបណ្ដាលអោយការវិនិយោគ ជាពិសេសគម្រោងសាងសង់អាគារក្នុងខេត្តមានការថយចុះ ដោយសំណង់មួយចំនួនធំត្រូវបានផ្អាកដំណើរការសាងសង់ មួយចំនួនត្រូវម្ចាស់បោះបង់ចោល និងមួយចំនួនទៀតមានវិវាទរវាងម្ចាស់សំណង់ និងម្ចាស់ដី (ករណីជួល)។

ដើម្បីដោះស្រាយបញ្ហាសំណង់អាគារជាប់គាំង និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ដោយការចេញសេចក្ដីសម្រេចលេខ៣៥៦ សជណ.ហធ ស្ដីពីលទ្ធផលនៃការពិភាក្សាលើ «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ និងសេចក្ដីសម្រេចលេខ ២៧ សសរ ស្ដីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុផងដែរ។

ដោយអនុវត្តន៏តាមបទបញ្ជារាជរដ្ឋាភិបាល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ក៏បានកំណត់នូវចង្កោមសកម្មភាពចម្បងៗចំនួន៦ រួមមាន៖

-ចូលរួមសហការជាមួយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

-ចូលរួមសម្របសម្រួលដោះស្រាយរាល់វិវាទសំណង់ក្រៅប្រព័ន្ធតុលាការ

-ចុះត្រួតពិនិត្យហាមឃាត់ការដ្ឋានដែលសាងសង់ខុសច្បាប់

-គ្រប់គ្រងនិងត្រួតពិនិត្យសំណង់ដែលមានសភាពគ្រោះថ្នាក់

-ចុះណែនាំអំពីសុវត្ថិភាពការដ្ឋាន កន្រ្តកយោង និងដងក្រែន

-ជំរុញអោយម្ចាស់សំណង់ដែលកំពុងសាងសង់ស្នើសុំច្បាប់អោយបានត្រឹមត្រូវ និងបានចូលរួមសកម្មភាពផ្សេងៗជាច្រើនទៀត៕