(ភ្នំពេញ)៖ ក្រុមសហជីពធំៗនៅកម្ពុជា បានលើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត។

ក្នុងឱកាសនេះដែរ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់បណ្ណសមាជិក ប.ស.ស ដល់បងប្អូនកម្មករនិយោជិត គឺមានសារសំខាន់ណាស់ជាពិសេសកម្មករដែលជាអ្នកមានជីវភាពខ្វះខាត។ អ្វីដែលពិសេសនោះ គឺនិយោជកដែលជាថៅកែរោងចក្រជាអ្នករ៉ាប់រងបង់ភាគទាន ជារៀងរាល់ខែសម្រាប់កម្មករ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់លើការចំណាយក្នុងជីវភាពប្រចាំខែរបស់ពួកគាត់។

លោកស្រី កេន ឆេងឡាង បានមើលឃើញថា សម្រាប់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទទួលបានសេវាពិនិត្យសុខភាព ដោយឥតគិតថ្លៃគ្រប់ពេលវេលា។ ការទទួលបានសេវាកម្មបែបនេះ គឺមានឧត្តមប្រយោជន៍ខ្លាំងណាស់សម្រាប់កម្មករនិយោជិតក្នុងការថែទាំសុខភាព ពីព្រោះតាមរយៈយន្តការនេះ ជំរុញឱ្យកម្មករនិយោជិតមានការយកចិត្តទុកដាក់លើសុខមាលភាពរបស់ពួកគាត់ច្រើនជាងពេលមុនៗ។

លោកស្រីបានសង្កត់ធ្ងន់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បងប្អូនកម្មករនិយោជិតគឺជាការចូលរួមចំណែកយ៉ាងធំធេងលើការចំណាយផ្នែកថែទាំសុខភាពរបស់ពួកគេ ពីព្រោះថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺគឺជាបន្ទុកមួយដ៏ធំសម្រាប់កម្មករនិយោជិត ដែលជាកត្តាធ្វើឱ្យពួកគាត់មិនទៅពិនិត្យសុខភាពតែម្តង នៅមុនពេលដែលពួកគាត់គ្មានបណ្ណ ប.ស.ស.កាលពីអតិតកាល ដូច្នេះហើយកម្មករនិយោជិតអាចសន្សំថវិការបានមួយចំណែកទុកសម្រាប់ការចំណាយផ្សេងៗដូចជាការអប់រំកូនៗរបស់ពួក និងតម្រូវការផ្សេងៗទៀតផងដែរ បន្ទាប់ពីពួកគេមានបណ្ណ ប.ស.ស. ដែលត្រូវបានរាប់រងដោយនិយោជករបស់ពួកគេ។

ចំណែកឯ ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពថា គឺជាគោលនយោបាយក្នុងការលើកកម្ពស់សុខភាពរបស់ បងប្អូនកម្មករនិយោជិតឱ្យមានសុខភាពល្អ កាត់បន្ថយការឈឺថ្កាត់ តាមរយៈឱកាសក្នុងការថែទាំ និងពិនិត្យសុខភាពបានច្រើនជាងមុន ដែលធ្វើឱ្យកម្មករនិយោជិតអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជីវភាពនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

លោក គង់ អាទិត្យ លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគឺជាគោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករនិយោជិតកម្ពុជា ពីព្រោះកម្មករអាចបង្វែរការចំណាយ លើការពិនិត្យ និងការព្យាបាលជំងឺ មកជាការសន្សំចៃនៅក្នុងគ្រួសារ និងការកាត់បន្ថយទាំងស្រុងលើសេវាពិនិត្យសុខភាពប្រចាំថ្ងៃ ប្រចាំខែ ដែលជាការកើតឡើងជាយថា ហេតុណាមួយរបស់ បងប្អូនកម្មករនិយោជិត។

គួរបញ្ជាក់ផងដែរថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្តល់ការធានារ៉ាប់រងលើផ្នែកសុខភាព ២៤ម៉ោង/២៤ម៉ោង សម្រាប់កម្មករនិយោជិតដូចជា សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត, ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ, ប្រាក់បំណាច់មាតុភាព, សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត និងវិភាជន៍បូជាសព៕