(ភ្នំពេញ)៖ នៅលើពិភពលោកនេះចលនាបដិវត្តន៍ពណ៌ តាមប្រទេសមួយចំនួនត្រូវគេឃើញបានកើតឡើងជាមួយនឹងការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជានេះ ចលនាបដិវត្តន៍ពណ៌ ដែលដុតកំសួលដោយក្រុមជ្រុលនិយមនៅក្រៅប្រទេស មិនអាចកើតឡើងបានឡើយ។ លោកម៉ារ យ៉ារិទ្ធិ មានអត្ថបទវិភាគក្រោមចំណងជើងថា «នយោបាយឈ្នះ ឈ្នះ ទប់ស្កាត់ចលនាបដិវត្តន៍ពណ៌»

មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ប្រើប្រាស់ល្បិចស្ទើរតែគ្រប់ស្នៀតអស់ទៅហើយដើម្បីរកឈ្នួនដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ព្រោះតែមហិច្ឆតាបដិវត្តន៍ពណ៌ និងការចង់នាំកម្ពុជា ដែលមានសន្តិភាពប្រមាណ២៦ឆ្នាំរួចមកនេះ ដើម្បឱ្យក្លាយជាប្រទេសមួយមានអសន្តិសុខសាជាថ្មីឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយល្បិចនីមួយៗ របស់ក្រុមជ្រុលនិយមចង់បង្កើតឈ្នួនផ្ទុះបដិវត្តន៍ពណ៌នោះ ត្រូវគេឃើញថា សុទ្ធតែត្រូវបានទប់ស្កាត់ទៅវិញដោយមានប្រសិទ្ធភាពបំផុត។

*តើចលនាបដិវត្តន៍ពណ៌ អាចជ្រៀតជ្រែកចូលមកក្នុងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលប្រកាន់ខ្ជាប់ទស្សនវិជ្ជានយោបាយឈ្នះ-ឈ្នះ នេះបានដែរឬទេ?

ជាច្រើនថ្ងៃមកនេះ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីធំៗមួយចំនួនដូចជា មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ហៅកាត់ថា ICAPP និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចូលរួមដោយគណបក្សនយោបាយ៥៧ មកពី៤២ប្រទេសនៅលើសកលលោក, សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ហៅកាត់ថា IPTP និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដោយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការជាដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ប្រទេស, កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) និងកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល ដែលកិច្ចប្រជុំសំខាន់ៗទាំងនេះ បានរំលេចនូវប្រសាសន៍សំខាន់ៗមួយចំនួនរបស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជាជុំវិញសន្តិភាព និងស្ថិរភាពនយោបាយ ជាពិសេសការទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ដែលមានក្រុមជ្រុលនិយមនៅក្រៅប្រទេសចង់ធ្វើការផ្លាស់ប្តូរស្ថានភាពកម្ពុជា ពីសន្តិភាពទៅជាសង្គ្រាម។

ដូចប្រសាសន៍មួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ហៅកាត់ថា ICAPP ដែលបញ្ជាក់ថា ក្នុងសម័យបច្ចុប្បន្ននេះ ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលណាមួយ ត្រូវបានជំនួសវិញ ដោយចលនាបដិវត្តន៍ពណ៌ ប៉ុន្តែចលនាបដិវត្តន៍ពណ៌នោះ មិនអាចធ្វើបាននៅកម្ពុជាបានឡើយ៖

«បដិវត្តន៍ពណ៏ អាចធ្វើបាន…ថ្មីៗនេះ គេធ្វើនៅប្រទេសបង់ក្លាដេស ហើយគេចង់មកបំផ្លាញនៅកម្ពុជា ក៏ប៉ុន្តែគេត្រូវទទួលស្គាល់ថា នៅទីនេះយើងខ្ញុំ បានស្គាល់វិធីសាស្រ្តនៃក្រុមបដិវត្តន៍ពណ៌រួចស្រេចទៅហើយ។ ពួកគេមិនធ្វើរដ្ឋប្រហារផ្តួលរំលំទៀតទេ មិនគាំទ្រការផ្តួលរំលំតាមបែបរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ជំនួសវិញ តាមរយៈហ្វូងមនុស្សផ្តួលរំលំ ប៉ុន្តែមុនដំបូងគេត្រូវអព្យាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

សម្រាប់យើងខ្ញុំនៅទីនេះ ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ (យើង) អនុញ្ញាតឱ្យមានការអព្យាក្រិត រវាងបក្សនយោបាយនិងបក្សនយោបាយ ប៉ុន្តែកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិលជាឧបករណ៏របស់រដ្ឋ មិនអាចអព្យាក្រិតបានទេ ដូច្នេះគេក៏មិនអាចធ្វើអ្វីយើងបានដែរ។ យើងត្រូវឈ្លាសវៃនៅក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានតម្លៃបំផុត បើមិនដូច្នេះទេឈាមនឹងត្រូវហូរ… ប្រទេសរបស់យើង នឹងត្រូវបែកបាក់សាជាថ្មីម្តងទៀត។ ដូច្នេះយើងមិនញញើតដៃជាមួយនឹងការប្រើប្រាស់ នូវវិធានការទាំងឡាយដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៏នោះទេ»

សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ដែលជាចលនាបំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងជានយោបាយដែលពន្លត់ភ្លើងសង្គ្រាមឆាបឆេះជិត៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។
*អ្វីជាបដិវត្តពណ៌?

ពាក្យថា «ពណ៌» ត្រូវបានគេយកមកប្រើដោយសារតែចលនាខ្លះ ប្រើពណ៌សំបូរបែប ឬជានិមិត្តសញ្ញា ជាពន្លឺសំខាន់ ដើម្បីឲ្យអ្នកគាំទ្ររួបរួមជាផ្នែកតែមួយ។ ចំណុចសំខាន់របស់បដិវត្តន៍ពណ៌ រួមមានការជំរុញបង្កើតឱ្យមានការតវ៉ា ដំបូងជាសន្តិវិធីនិងក្រោយមកបានដុតបញ្ឆេះឱ្យក្លាយជាហិង្សា។ ចំណុចបញ្ឆេះឱ្យមានការបង្កើតកំហឹងនោះ ត្រូវបានគេបង្កើតមកពីកត្តាផ្សេងៗ ដូចជាបញ្ហាបោះឆ្នោត, អំពើចោទប្រកាន់ពុករលួយ, ភាពលំអៀង និងការបំផុសរឿងរ៉ាវណា ដែលធ្វើឱ្យមនុស្សឆាប់មានកំសួលកំហឹង ជាមួយការលើកទឹកចិត្តដល់ក្រុមគាំទ្ររបស់ខ្លួនជាយុវជន, ជាអង្គការមិនមែនរដ្ឋាភិបាល និងស្ថិតនៅក្នុងក្រុមផ្សេងៗ ដើម្បីឱ្យពួកគេធ្វើជាស្នូលនៃឈ្នួនបំផ្ទុះ និងការស្វែងរកឥទ្ធិពលពីប្រទេសលោកខាងលិច ដើម្បីជួយផ្តល់ការគាំទ្រដល់ពួកគេដើម្បីការឈានសម្រេចមហិច្ឆតាផ្តួលរំលំនោះ។

ចលនាបដិវត្តន៍ពណ៌នេះ ធ្លាប់ទទួលបានជោគជ័យនៅក្នុងប្រទេស Serbia ឆ្នាំ២០០០ ដែលគេហៅថាបដិវត្តន៍ Bulldozer ឬ Bulldozer Revolution, ឆ្នាំ២០០៣ នៅ Georgia ដែល គេហៅថា បដិវត្តន៍ផ្កាកុលាប Rose Revolution, នៅអ៊ុយក្រែន រវាងពីឆ្នាំ២០០៤ដល់២០០៥ ដែលគេហៅថា បដិវត្តន៍ពណ៌ទឹកក្រូច Orange Revolution, នៅ Kyrgyzstan ឆ្នាំ២០០៥ ដែលមានឈ្មោះថាបដិវត្តន៍ផ្កា Tulip ឬ Tulip Revolution ជាដើម។

ការបំផុសស្វែងរកចលនាបដិវត្តន៍ស្រដៀងៗគ្នានេះ ធ្លាប់ត្រូវបានគេញុះញង់ឱ្យកើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរក្នុងទសវត្ស២០១០ និងក្នុងដើមទសវត្ស២០២០ ប៉ុន្តែមិនដែលបានសម្រេចឡើយដោយសារតែឆ្លងមិនរួចនៃនយោបាយឈ្នះ-ឈ្នះ ដែលហាក់ដូចជាបានដឹងនូវល្បិចកលទាំងនេះ ជាមួយនឹងការដាក់ចេញនូវវិធានការរារាំង និងការទប់ស្កាត់ដោយមានប្រសិទ្ធភាព។

វេលាថ្មីៗចុងក្រោយនេះ ដើម្បីការស្វែងរកឈ្នួនបំផ្ទុះចលនាបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា, ក្រុមជ្រុលនិយមដឹកនាំដោយមេខ្លោង សម រង្ស៊ី បានរៀបចំមនុស្សបង្កើតនូវការប្រឌិតព័ត៌មាន ឬព័ត៌មានអុជអាល ដើម្បីស្វែងរកការផ្លាស់ប្តូរស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែល្បិចកលរបស់ក្រុមជ្រុលនិយមទាំងនោះ មិនអាចធ្វើឱ្យស្ថានការណ៍សន្តិភាព និងស្ថិរភាពកម្ពុជាក្រោមការប្រកាន់ខ្ជាប់នូវនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាចបច្ចុប្បន្នរងភាពរង្គោះរង្គើបានឡើយ។ ហេតុអ្វី?

ចំណុចសំខាន់ទី១ នៃការបន្សាបឥទ្ធិពលបដិវត្តន៍ពណ៌នោះ គឺរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា មានការគាំទ្រខ្លាំងក្លាពីប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងការដឹកនាំប្រកបដោយសន្តិភាពរបស់កម្ពុជា ក៏មានការទទួលស្គាល់ពីអន្តរជាតិទៀតថានយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិតជានយោបាយ ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាពពិតប្រាកដ និងក៏បាននិងកំពុងនាំ ប្រទេសកម្ពុជាកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។

ដូច្នេះទោះបីជាក្រុមជ្រុលនិយមគិតថា ពួកគេមានមនុស្សគាំទ្រមួយចំនួនដែលជាឧបករណ៍សម្រាប់បំពងការឃោសនាចោទប្រកាន់បែបណាក៏ដោយភាពរឹងមាំ នៃជំនឿជឿជាក់របស់ប្រជាជនកម្ពុជាលើការដឹកនាំរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងព្រះរាជបន្ទូលដ៏ថ្លៃថ្លា របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដែលតែងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថែមទៀតនោះ មហាកម្លាំងសាមគ្គីនេះ កាន់តែជំរុញកម្លាំងចលករទៅមុខ នៃដំណើរសេដ្ឋកិច្ចជាតិ និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាបច្ចុប្បន្ននៅរឹងមាំជាដដែល និងគ្មានអ្វីអាចប្រែប្រួលបានឡើយ។

ចំណុចទី២ ការដឹកនាំរបស់ក្រុមជ្រុលនិយម ដែលមានមេខ្លោងឈ្មោះ សម រង្ស៊ី គឺជារបៀបដឹកនាំមួយដែលចូលចិត្តតែប្រើប្រាស់ល្បិចចាស់គំរិលគគាស់កកាយតែរឿងអតីតកាល ជាពិសេសបញ្ហាព្រំដែន និងបញ្ហាស្អប់ខ្ពើមវៀតណាម ហើយវាមិនមែនជារឿងថ្មី សម្រាប់យុវជនក្នុងសម័យវិវត្តន៍បច្ចេកវិទ្យា ដែលត្រូវសម្លឹងមើលទៅមុខ ដើម្បីការនាំប្រទេសធ្វើដំណើរទៅរកសុភមង្គលឡើយ ដូចពាក្យទូន្មានខ្លះ តែងនិយាយថា អតីតកាលគ្រាន់តែជាបទពិសោធន៍ ប៉ុន្តែគេមិនត្រូវរស់ក្នុងអតីតកាលនោះទេ។

ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី នេះកំពុងតែជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនសើរើនូវប្រវត្តិសាស្ត្រចាស់ៗ ដែលនរណាក៏ដឹងច្បាស់ដែរថា កន្លែងខ្លះវាមិនអាចធ្វើទៅរួចបានឡើយ ដូចជាការចង់បានទឹកដីខ្មែរកម្ពុជាក្រោមមកវិញនោះជាដើម។

ចំណុចទី៣ គឺមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី នេះ គឺជាបុគ្គលដែលគ្មានការគាំទ្រជាក់លាក់ ពីបរទេសណាមួយនោះឡើយ។ បុគ្គលរូបនេះ ធ្លាប់មានប្រវត្តិរួចមកហើយថា ដើម្បីចង់រណបចិន បុគ្គលរូបនេះ បានប្រើសម្តីវាយប្រហារមកប្រទេសលោកខាងលិច និងនិយាយសរសើរលើកតម្កើងចិន ហើយនៅពេលដែលបុគ្គលនេះ ចង់អែបរណបទៅប្រទេសលោកខាងលិច ទណ្ឌិត សម រង្ស៊ី រូបនោះប្រឹងខំនិយាយលើកប្រទេសលោកខាងលិច ដោយប្រើសម្តីវាយប្រហារដាក់ទៅលើប្រទេសចិនជាដើម។ កិច្ចសម្ភាសន៍របស់ សម រង្ស៊ី ជាមួយទូរទស្សន៍ចិនក្នុង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ គឺជាឧទាហរណ៍ជាក់ស្តែង ដែលមិនអាចប្រកែកបានឡើយ។

អកប្បកិរិយានៃមេដឹកនាំប្រឆាំងរបៀបនេះ គឺជាភាពអន់បំផុតនៃរបៀបរបបដឹកនាំរបស់មេខ្លោងជ្រុលនិយម សម រង្ស៊ី ដែលនឹងគ្មានក្រឡាដើរបានល្អសម្រាប់អនាគតរបស់ខ្លួនឡើយ ហើយបុគ្គលជាមេខ្លោងនេះ ក៏គ្មានបរទេសណាមួយពិតប្រាកដច្បាស់លាស់បានបញ្ជាក់ការគាំទ្រ សម រង្ស៊ី នេះពីខាងក្រោយខ្នងឡើយ។

បើគេងាកមកមើលការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយឈ្នះ-ឈ្នះ នេះវិញ។ ជារឿយៗ ក្រុមជ្រុលនិយម ដើម្បីស្វែងរកឈ្នួនបំផ្ទុះបង្កើតចេញជាចលនាបដិវត្តន៍ពណ៌ពួក គេតែងប្រឌិតឬបង្កើតនូវព័ត៌មានក្លែងក្លាយ ឬព័ត៌មានអុជអាលដើម្បីដុតបញ្ឆេះកំហឹងប្រជាជន។

*តើព័ត៌មានក្រុមជ្រុលនិយមទាំងនោះ អាចក្លាយជាឈ្នួនបំផ្ទុះបានដែរឬទេ?

នៅតាមប្រទេសមួយចំនួនលើពិភពលោកនេះ ចលនាបដិវត្តន៍ពណ៌ពិតជាបានកើតឡើងប្រាកដមែន ប៉ុន្តែស្ថានភាពរបស់ប្រទេសនោះ មានការខុសគ្នាឆ្ងាយណាស់ពីកម្ពុជា ម្យ៉ាងទៀតដោយសារតែកម្ពុជាមានទស្សនវិជ្ជានយោបាយឈ្នះ-ឈ្នះ ដែលជាទស្សនវិជ្ជាបំបាត់សង្គ្រាមស៊ីវិល ដ៏មានប្រសិទ្ធភាពបំផុត និងបច្ចុប្បន្នទស្សនវិជ្ជានេះ ក៏ត្រូវបានគេប្រើប្រាស់ដើម្បីទប់ទល់នឹងទស្សនវិជ្ជាបដិវត្តន៍ពណ៌ ដែលចង់ផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្នផងដែរ។

ជាមួយនឹងទស្សនវិជ្ជានយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាអស់សង្គ្រាម និងការរក្សាស្ថិរភាពនយោបាយបានស្ថិតស្ថិរថែមទៀតនោះ ភាពប៉ិនប្រសប់នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានប្រើប្រាស់វិធីសាមញ្ញៗ ក្នុងការបន្សាបឥទ្ធិពលការផ្សាយព័ត៌មានមិនពិតរបស់ក្រុមជ្រុលនិយមនេះថែមទៀត។ វិធីសាស្ត្រដ៏សាមញ្ញមួយនៃការបំផុតព័ត៌មានមិនពិតដើម្បីការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនោះ គឺការប្រើប្រាស់ព័ត៌មានពិត ដើម្បីយកមកទប់ទល់។

ដូច្នេះវិធីទី១ ប្រឆាំងនៃការផ្សាយព័ត៌មានមិនពិត គឺការប្រើប្រាស់ព័ត៌មានពិត ជាមួយនឹងការចូលរួមគ្រប់ស្រទាប់ពីបណ្តាពលរដ្ឋ និងការបញ្ជ្រាបព័ត៌មានពិតទាំងនោះឱ្យពលរដ្ឋបានយល់ និងឃើញជាក់ ស្តែង និងមិនត្រូវលង់ជឿចំពោះឧបាយកលរបស់សត្រូវឡើយ។

ក្នុងវិធីទី២ ដើម្បីប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ គឺការអនុវត្តច្បាប់តាមរយៈតុលាការ ដោយតម្លាភាព និងស្មោះត្រង់ ខណៈការផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់កាន់តែត្រូវបានលើកតម្កើង និងកាន់តែត្រូវបានទ្រទ្រង់នូវសេរីភាពការបញ្ចេញមតិពីព្រោះសេរីភាព នៃការបញ្ចេញមតិ ដែលមានការគោរពច្បាប់ពិតប្រាកដមិនរំលោភបំពានសិទ្ធិអ្នកដទៃស្របតាមមាត្រារដ្ឋធម្មនុញ្ញនោះហើយ គឺជាមូលដ្ឋានសំខាន់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ។

ក្នុងវិធីទី៣ គឺការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយការបង្ហាញនូវការពិតដូចជាដំណើរទស្សនកិច្ចពិនិត្យខ្សែបន្ទាត់ព្រំដែននៅភាគឧត្តរប្រទេសជាដើម ដើម្បីបន្សាបព័ត៌មានមិនពិតរបស់ក្រុមជ្រុលនិយម។

ក្នុងវិធីទី៤ គឺការរក្សាសុខសន្តិភាព ដែលជាកិច្ចការសំខាន់បំផុតពីព្រោះនយោបាយឈ្នះ-ឈ្នះ គឺការរួមគ្នាទ្រទ្រង់សន្តិភាពនេះហើយ ដែលអាចបំបាត់អស់ទាំងស្រុងនូវភាពចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

និងក្នុងវិធីទី៥ ការបង្កើនទំនុកចិត្តរបស់ប្រជាជន ជាពិសេសទំនុកចិត្តរវាងសាធារណជននឹងរដ្ឋាភិបាលដែលមានតួនាទីសំខាន់បំផុត។

ដូច្នេះការព្យាយាមចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឈ្នួនបំផ្ទុះចលនាបដិវត្តន៍ពណ៌ ទោះជាពណ៌ក្នុងប្រភេទណាក៏ដោយក៏វាមិនអាចធ្វើឱ្យរង្គោះរង្គើនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះបានឡើយ៕