(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទបានរៀបចំកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់និស្សិតសាកលវិទ្យាល័យ Qiannan Normal University សាកលវិទ្យាល័យ Qiannan Medical University នៃខេត្តគួយចូវ រយៈពេល១៤ថ្ងៃក្រោមប្រធានបទ៖ «ផែនការនិស្សិតឆ្នើមរាប់ពាន់នាក់ សិក្សានៅបរទេស» ដោយកម្មវិធីបើកកម្មវិធីបានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទ។

កម្មវិធីនេះរៀបចំឡើងដោយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងសាលារៀនស្ទេបហ្វរវើដអន្តរជាតិ ដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា មធ្យមសិក្សា និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជាផងដែរ។

សាស្រ្តាចារ្យបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទមានបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងនិស្សិតចិនដែលបានអញ្ជើញមកពីសាលកលវិទ្យាល័យ ទាំងពីរពីប្រទេសចិន មកបំពេញកម្មសិក្សានៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាម្ចាស់ផ្ទះបានរៀបចំកម្មវិធីសិក្សា និងសកម្មភាពនានាស្ដីពីការយល់ដឹងពីវប្បធម៌ និងសីលធម៌ខ្មែរ ប្រវត្តិទីក្រុងភ្នំពេញ តំបន់ទេសចរណ៍ជាដើមនឹងបានត្រៀមខ្លួនរួចជាស្រេចតាមការសម្របសម្រួល និងសហការពីសមាគមសហប្រតិបត្តិការ ដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងសាលារៀនស្ទេបហ្វរវើដអន្តរជាតិ ក្រោមគោលដៅរួមគឺបង្ហាញពីភាពរីកចម្រើន សន្ដិភាពជាតិ និងសុវត្ថិភាពសាធារណៈដល់ប្រតិភូ និងនិស្សិតចិនទាំងអស់ ដែលស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ចិន ពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

លោកសាស្ដ្រាចារ្យបានបន្ដទៀតថា៖ «សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតឡើងក្នុងឆ្នាំ១៩៦០ បានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើនរួមទាំងថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររដ្ឋាភិបាលជាច្រើនរូបនាបច្ចុប្បន្ននេះ ដែលប្រៀបបាននឹងសាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យឈីងហ័រ ដ៏ល្បីល្បាញក្នុងប្រទេសចិននោះដែរ»

លោក ថាន ណូរ៉ា នាយករដ្ឋបាល និងធនធានមនុស្សតំណាងលោក សរ រិទ្ធី ប្រធានសមាគមសហប្រតិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន បានមានប្រសាសន៍ថា៖ «កម្មវិធីផ្លាស់ប្តូរការសិក្សានេះគឺស្របពេលកម្ពុជាចិនបានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំមិត្តភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន គោលបំណងកម្មវិធីផ្លាស់ប្តូរការសិក្សានេះ គឺដើម្បីផ្តល់ដល់ឱកាសដល់និស្សិតបរទេសបានសិក្សាស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍នានា ដែលជាកេរមរតកដ៏សម្បូរបែបដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក»

លោក ថាន ណូរ៉ា បានបន្តថា៖ «ហើយក៏បានផ្តល់ឱកាសឱ្យសាកលវិទ្យាល័យចិន និងសាកលវិទ្យាល័យកម្ពុជា បានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ ជាពិសេសបានផ្តល់ឱ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ បានបង្កើតឱកាសសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ហើយក៏នឹងក្លាយជាវេទិកាមិត្តភាពដើម្បីលើកកម្ពស់ការអប់រំ និងវប្បធម៌ ផ្លាស់ប្តូររវាងកម្ពុជា-ចិន ផងដែរ និងពិនិត្យលទ្ធភាពក្លាយជាដៃគូរសហការគ្នានាពេលអនាគតផងដែរ»

លោក ចូវ ជាំង នាយកសាលាស្ទេបហ្វរវើដអន្តរជាតិ បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យល្បីៗ និងដឹកនាំនិស្សិតកម្ពុជាទៅធ្វើទស្សនៈកិច្ចសិក្សា នៅសាកលវិទ្យាល័យជាច្រើន ក្នុងប្រទេសចិនកន្លងមកនេះជាលើដំបូង និងជាប្រវត្តិសាស្ដ្រដែលប្រតិភូ និងនិស្សិតចិននៃខេត្តគួយចូវ បានមកបំពេញកម្មសិក្សាក្នុងទឹកដីកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែង នៃទំនាក់ទំនងការទូត និងផ្ដួចផ្ដើមដោយ សាលាស្ទេបហ្វរវើដអន្តរជាតិ សហការជាមួយសមាគមសហប្រតិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន រយៈពេលជាង១ឆ្នាំកន្លងមកនេះ។

លោក ចូវ ជាំង បានបន្ដថា៖ «ខ្ញុំនឹងខិតខំបន្ថែមទៀត ដើម្បីបន្ដសកម្មភាពអប់រំ ក្នុងការផ្សារភ្ជាប់គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សានៃប្រទសកម្ពុជា-ចិន អោយមានគម្រោងនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើន និងកាន់តែជិតស្និទ្ធប្រៀបបាននឹងចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ដើម្បីផ្ដល់ឱកាសការសិក្សាស្វែងយល់ពីប្រពៃណី វប្បធម៌ អក្សរសាស្រ្តខ្មែរ-ចិន និងតំបន់ទេសចរណ៍ ដល់និស្សិតកម្ពុជា-ចិន កាន់តែច្រើន»

ជាមួយគ្នានេះដែរលោក Wang zhu ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការ និងគម្រោងអន្ដរជាតិ តំណាងសាកលវិទ្យាល័យ Qiannan Normal University of Nationalities បានមានប្រសាសន៍ថា៖ «មន្ទីរអប់រំខេត្តគួយចូវ បានផ្ដួចផ្ដើមនិងដឹកនាំគម្រោង «ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់»នេះ ធ្វើនៅប្រទេសនានាជាច្រើនកន្លងមកហើយតែនេះជាលើកទីមួយ ដែលនិស្សិតសាកលវិទ្យាល័យ នៃខេត្តគួយចូវរបស់យើង បានមកបំពេញទស្សនៈកិច្ចក្នុងប្រទេសកម្ពុជា ដោយការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ»

ក្នងនាមសាកលវិទ្យាល័យ តំណាងអោយមន្ទីរអប់រំ នៃខេត្តគួយចូវ សូមកោតសរសើរដល់ការរៀបចំ កម្មវិធី ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវដល់សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងសាលារៀនស្ទេបហ្វរវើដអន្តរជាតិ ជាដៃគូរសហការយ៉ាងជិតដិតកន្លងមក។ លោក Wang Zhu បានបន្ដទៀតថា សាកលវិទ្យាល័យQiannan Normal University of Nationalities នឹងពង្រីងវិសលភាព នៃកម្មវិធីនេះ ឬគម្រោងផ្សេងទៀតរបស់ មន្ទីរអប់រំខេត្តគួយចូវ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន តាមរយៈកិច្ចសហប្រតិបត្តិនាលើវិស័យអប់រំ តួយ៉ាងគម្រោងផ្ដល់អាហារូបករណ៍ និងទស្សនៈកិច្ចផ្សេងទៀតមកកាន់ និស្សិតកម្ពុជាកាន់តែច្រើនបាននឹងទៅសិក្សានៅប្រទេសចិននាពេលអនាគត។

សូមជម្រាបថា កម្មវិធីកម្មវិធីផ្លាស់ប្ដូរការសិក្សានិស្សិតសាកលវិទ្យាល័យ Qiannan Normal University of Nationalities សាកលវិទ្យាល័យ Qiannan Medical University of Nationalities ក្រោមប្រធានបទ៖«ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់»នេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងសិស្សនិស្សិតចិននិងកម្ពុជា ក៏ដូចជាជំរុញការចែករំលែកផ្នត់គំនិត និងបទពិសោធន៍អប់រំរវាងគ្នានិងគ្នា។ កម្មវិធីមួយនេះបាននាំមកនូវការកសាងមិត្តភាព និងការយល់ដឹងអំពីវប្បធម៌គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅថែមទៀត។ មិនត្រឹមតែជាឱកាសសិក្សាអប់រំទេ ប៉ុន្តែជាសារៈសំខាន់សម្រាប់ការចំណងមិត្តភាព និងការរួមចំណែកសម្រាប់អនាគតរបស់ប្រទេសទាំងពីរផងដែរ៕